ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ បានចូលលួចគ្រឿងអលង្ការរបស់ពលរដ្ឋជាអាជីវករលក់ដូរក្នុងផ្សារ ដែលគេភ្លេចលើកៅអីនៅកន្លែងលក់ តែមិនបានសម្រេចម្ចាស់គេដឹងទាន់ ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារតាខ្មៅចាស់ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លុច ឈីត ហៅណាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររើសអេដចាយ មានទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ គ្រី តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុ។ ដោយឡែកវត្ថុតាងដកហូតបានមានខ្សែកជើងធ្វើអំពីលោកហៈធាតុពណ៍លឿងចំនួន៥៦ខ្សែ(របស់ជនរងគ្រោះ)និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២កញ្ចប់តូច (របស់ជនសង្ស័យ) ។
ប្រភពដដែលបន្តថា មុនពេលពេលកើតហេតុ ជនរងគ្រោះបានរៀបចំទុកដាក់គ្រឿងអលង្កាចេញពីទូដាក់តាំង យកមកដាក់ចូលថង់ដើម្បីយកទៅទុកនៅផ្ទះវិញ ដោយទុកនៅលើកៅអីសិន តែក៏ភ្លេចយកទៅ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកទៅបាត់។ ក្រោយកើតហេតុជនរងគ្រោះបានដឹងថា ជនសង្ស័យខាងលើជាអ្នកលួច ភ្លាមនោះ ក៏ដើរតាមរក រហូតឃើញជនសង្ស័យ រួចឆែកឆេរបានឃើញគ្រឿងអលង្ការបស់ខ្លួនគ្រប់ចំនួន និងឃើញថ្នាំញៀន២កញ្ចប់ដែលជារបស់ជនសង្ស័យផងដែរ ហើយប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួចសួរនាំ ដោយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចសំភារៈរបស់ជនរងគ្រោះខាងលើប្រាកដមែន ។ ចំនែកថ្នាំញៀនវិញខ្លួនបានទិញពីជនម្នាក់ នៅម្តុំភូមិព្រែកតាពៅ១ ដើម្បីទុកជក់ ៕ ស្អាងជ័យ