ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូចេញពីកម្មវិធី ខួបកំណើតបងប្អូនជីដូនមួយវិញ ស្រាប់តែជ្រុលទៅបុករថយន្តសណ្តោងដឹកដែក ដែលបើកបត់ចូលក្រុមហ៊ុន បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទល់មុខឃ្លាំងដែក មួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ វ៉ាន់ ឌីហុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ មានប្រពន្ធ និងកូនប្រុសស្រី២នាក់ ជិះម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FS 1130 ជាមធ្យោបាយ ។ ចំណែករថយន្តបង្កម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 8884 ជាប្រភេទសណ្តោងដឹកដែកបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ក្រោយពេលបង្ករហេតុ ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានជិះម៉ូតូរបស់ខ្លួន ម៉ាក ហុងដា ឃ្លីក ពណ៌ស ចេញពី កម្មវិធីខួបកំណើតបងប្អូនជីដូនមួយ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ហើយគោលបំណងត្រលប់ទៅផ្ទះវិញនៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយបានធ្វើដំណើរតាម ផ្លូវបេតុងព្រៃស ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនល្បឿន លុះមកដល់ចំណុច កើតហេតុដែលជាផ្លូវងងឹត ក៏ជ្រុលទៅបុក និងរថយន្តសណ្តោងដឹកដែក ក្បាលពណ៌សមួយគ្រឿង ដែលបើកធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ហើយបត់ចូលក្រុមហ៊ុន ចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូ ដួលបោកក្បាល ធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុតែម្តង ។
ដោយឡែករថយន្តវិញ នៅពេលបង្កហេតុ បានបើកចេញពីកន្លែងកើតហេតុប្រហែល២០ម៉ែត្រ បានទុករត់ចោល ហើយអ្នកបើកបររត់គេចខ្លួនបាត់ ដោយបន្សល់ទុកបុរសជាព្រូ រថយន្ដម្នាក់នៅលើរថយន្ត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលព្រៃសផងដែរ ។
ក្រោយពេលកើតហេតុ ឃើញមានសាច់ញាតិជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ដើម្បីអោយសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជនងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជនរងគ្រោះផ្ទាល់ ។ ចំណែករថយន្ត និងម៉ូតូ ព្រមទាំងព្រូរថយន្ដ ត្រូវបានសមត្ថកិច្ចជំនាញ ចរាចរណ៍ក្រុងភ្នំពេញ បានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយ ៕ ភារ៉ា ដង្កោ