ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងទន់ខ្លួនបើករថយន្តស៊េរីទំនើបម៉ាក ផច មួយគ្រឿងជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងរងរបួសអ្នកបើកបរម្នាក់រួចព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបររួចចាប់វាយខ្នោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងបុរីអេវូដ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HX-4739 ធ្វើដំណើរតាមបណ្ដោយផ្លូវហព័ន្ធរុស្ស៊ីផ្លូវចំហៀងស្ពានអាកាសផ្សារដីហុយលុះមកដល់ចុងស្ពានអាកាសខាងលិច ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកផចពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AL-8595 បើកបរដោយបុរសជនជាតិចិនបានម្នាក់ក្នុងស្ថានភាពស្រវឹងឡើងទាន់ខ្លួនធ្វើដំណើរមកពីក្រោយបុកកង់បីគាត់ពីក្រោយពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងចំណែករូបគាត់រងរបួសជើងខាងស្ដាំខាង ។ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវ ។ ខណៈនោះដែលប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះបានរាយការណ៍ជូនសមត្ថកិច្ចកិច្ចបាននាំគ្នាជិះដេញរហូតចូលមកមកក្នុងបូរីអេវូដត្រូវបានសមត្ថកិច្ចចាប់បានទាំងរថយន្ត និងអ្នកបើកបរស្រាប់តែភាគីបង្កបំរុងផ្ទុះហិង្សាដាក់សមត្ថកិច្ចទើបសមត្ថកិច្ចសម្រេចចាប់វាយខ្នោះជាបណ្ដោះអាសន្ន ។
ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយខាងភាគីបង្កបានចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន ៥០០០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ សុខាសែនជ័យ