ព័ត៌មានទាន់ហេតុការណ៍៖

ត្រីឆ្ដោរស៊ីកូនឯង! ឪពុកបង្កើតប្រើហិង្សាចាប់រំលោភកូនស្រី និងប្រមូលដីធ្លីលក់អស់ទៀត ទ្រាំលែងបានដាក់ពាក្យប្តឹងចូលតុលាការឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ៖ បែកធ្លាយនារីខ្មែរឥស្លាមម្នាក់ បានដាក់ពាក្យបណ្ដឹងប្ដឹងឪពុកបង្កើតរបស់ខ្លួន ចូលអយ្យការអមសាលាដំបូខេត្តក្រចេះ ពីបទចាប់បង្ខំ និងរំលោភសេពសន្ថវៈដោយប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ ទាំងកណ្ដាលយប់ និងប្រមែប្រមូលដីធ្លី និងផ្ទះសម្បែងលក់កម្ទេចចោលអស់ទៀត ។

ដោយសារតែទ្រាំ នឹងកាឈឺចាប់ទង្វើឪពុកបង្កើតរបស់ខ្លួនដែលចាប់បង្ខំ និងរំលោភសេពសន្ថវៈដោយប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទាំងកណ្ដាលយប់ ទោះបីនាងខំប្រឹងរើបម្រាស់យ៉ាងណា ក៏មិនរួចពីក្រញាំបិសាចតណ្ហាក្រាស់នោះឡើយ ទើបនាងសម្រេចចិត្តប្ដឹងឪពុកតណ្ហាក្រាស់រូបនោះ ទៅអយ្យការអមសាលាដំបូងខេត្តក្រចេះនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅពីបទរំលោភ សេពសន្ថវៈ និងស្នើសូមឲ្យតុលាការចាត់ការតាមនីតិវិធី ។

ស្ដ្រីរងគ្រោះឈ្មោះ អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម ។ ឯជនសង្ស័យត្រូវជាឪពុកបង្កើតឈ្មោះ លី ម៉ាអាត ភេទប្រុសអាយុ៤៣ឆ្នាំ មានទីលំនៅភូមិវាលបីចក្រីហេង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

ករណីរំលោភកូនបង្កើតនេះដែរ បានបែកធ្លាយ ក្រោយពេលឪពុករូបនេះ ប្រមូលដីចម្ការស្វាយចន្ទី និងដីលំនៅដ្ឋានលក់អស់គ្មានសល់ដើម្បី យកលុយទៅទិញឡានថ្មីដើសុីចាយហ៊ឺហារ យកប្រពន្ធចុង ទៅចោលកូនៗទាំង៣នាក់ ឲ្យដើរដេកតាមសំយ៉ាបផ្ទះគេ គួរឲ្យសង្វេគបំផុត ។

ស្ដ្រីរងគ្រោះ រៀបរាប់ទាំងទឹកភ្នែក អួលដើមកប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ថា៖ ខ្លួនពិតជាវេទនាខ្លាំងណាស់ ។ នាងរៀបរាប់បន្តថា នាងត្រូវរងគ្រោះ ដោយសារឪពុកបង្កើតរំលោភសេពសន្ថវៈហើយ ថែមទាំងត្រូវរងគ្រោះដោយសារ អត់ជម្រកផ្ទះសម្បែង ជ្រករស់នៅទៀតផង ដោយដើរសុំដេកតាមសំយ៉ាមផ្ទះគេ ។

នាងបន្តថា កាលពីដើមគ្រួសារខ្លួន រស់មានជីវភាពសុខស្រួលដូចគេឯងដែរ ដោយមានឪពុកម្ដាយ និងបងប្អូន៣នាក់ ។ ខ្លួនជាកូនច្បងគេ មានអាយុ២០ឆ្នាំ ទី២ និងទី៣ ភេទប្រុសអាយុ១៦ឆ្នាំម្នាក់ និងអាយុ១៣ឆ្នាំម្នាក់ ក្រោយមកម្ដាយខ្លួនបានស្លាប់ចោលបាត់ទៅ ហើយកូនៗបានរស់នៅជាមួយឪពុក តែងតែប្រើអំពើហិង្សាមកលើពួកគេជាញឹកញាប់ គ្មានស្រាកស្រានសោះឡើយ ។

នាងមានការឈឺចាប់បំផុតក្នុងជីវិត ដែលមិនអាចបំភ្លេចបាននោះ ស្របពេលដែលប្អូនៗរបស់នាងចេញទៅរៀននៅខេត្តត្បូងឃ្មុំ សំរាកនៅទីនោះ ជាឱកាសស្ងាត់កំឡុងខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១យប់ ស្រាប់តែឪពុកបានធ្វើសកម្មភាពរំលោភដោយប្រើហិង្សាមកលើងនោះតែម្តង ។ នាងថា ឪពុកខ្លួនបានស្ទុះមកចាប់រំលោភទាំងកម្រោលខណៈដែលកំពុងតែដេកក្នុងមុង ធ្វើឲ្យនាងភ័យស្រឡាំងកាំងទោះជានាងខំរើបម្រាស់រត់ចេញពីមុង ប៉ុន្តែទ្វារជាប់សោ ហើយឪពុកកំណាចនោះ បានហក់ស្ទុះចាប់នាងអូសរួចវាយ២.៣ដៃចាប់ផ្ដួលទៅនឹងរនាបផ្ទះ ឡើងសង្កត់ពីលើជាប់រើមិនរួចរំលោភខ្លួនបានសម្រេចតែម្តង ។

នាងបញ្ជាក់ថា៖ ក្រោយរំលោភរួចឪពុកនាងបានគំរាមកាប់សម្លាប់ចោល បើហ៊ានយករឿងនេះទៅប្រាប់គេឯង ។ ដោយសារនាងមានការភ័យខ្លាច ទ្រាំលាក់បាំងរហូតហើយរត់គេចពីផ្ទះ ជៀសវាងការរំលោភក្រោយៗទៀត ក៏ទៅស្នាក់នៅផ្ទះម្ដាយមីងរយៈពេលជាង១ខែ ទើបនាងសម្រេចចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។ លុះពេលនាងទទួលដំណឹងថា៖ ឪពុកនាងបានលក់ដីចម្ការស្វាយចន្ទីទំហំ៣ ហិកតាឲ្យគេ១ហិកតា តម្លៃ៤,៨០០$ហើយផ្ដាំផ្ញើមកអាជ្ញាធរភូមិ ឃុំ កុំឲ្យឪពុកខ្លួនលក់ដីទាំងនោះ ព្រោះជាកេរ្តិ៍មរតក ដែលម្ដាយបានចែកឲ្យកូនៗកាលពីគាត់នៅរស់ម្ល៉េះ ស្រាប់តែឪពុកបានបន្តលក់ទាំងផ្ទះទាំងដីលំនៅដ្ឋានបង្ហើយតែម្ដង ក្នុងតម្លៃ ១៨,០០០$ទៀត យកលុយទៅទិញរថយន្ដដឹកទំនិញ១គ្រឿង និងរថយន្តទំនើប១គ្រឿង ទៅរស់នៅជាមួយប្រពន្ធចុងមិនគិតដល់កូនៗឡើយ ទុកកូនៗ៣នាក់ ឲ្យនៅកំព្រា គ្មានទីពឹងអត់លុយចាយអត់ការងារធ្វើអត់ផ្ទះស្នាក់នៅ ជាក់ស្ដែងសុំផ្ទះគេដេក សុំអង្ករគេដាំបាយហូបដាច់ពេលវេទនាទាំងរស់ ។

ដោយសារតែនាងទ្រាំនឹងការឈឺចាប់បែបនេះមិនបាន ទើបខ្លួនសម្រេចចិត្តប្ដឹងឪពុកតណ្ហាក្រាស់រូបនោះ ទៅអយ្យការអមសាលាដំបូងខេត្តក្រចេះនោះតែម្តង ហូតមកដល់ពេលនេះហើយ តុលាការមិនទាន់កោះហៅ(នាង)ជនរងគ្រោះឲ្យ ចូលខ្លួនមកបំភ្លឺឬមានចំណាត់ការលើជនសង្ស័យនោះទេ ។ ករណីនេះ មិនអាចសុំការបំភ្លឺពីជនសង្ស័យឈ្មោះ លី ម៉ាអាតនេះ បានទេ តែទោះជាយ៉ាងណាសង្ឃឹមថា៖ អយ្យការអមសាលាដំបូងខេត្តក្រចេះ នឹងមានចំណាត់ការលើជនសង្ស័យតាមសំណើជនរងគ្រោះនោះមិនខានឡើយ៕ ជីវ័ន្ត


ចែករំលែក៖