ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ នៅតែមានជនរងគ្រោះក្នុងតំបន់បឹងកក់

ចែករំលែក៖

រហូតមកដល់ពេលនេះនៅតែមានជនរងគ្រោះក្នុងតំបន់បឹងកក់ពាក់ព័ន្ធនឹងបញ្ហា គ្រឿងញៀនដែលនៅតែកើតមានដដែល។ លើកនេះត្រូវគេរាយការណ៍ថា កើត​ចេញដោយ សមត្ថកិច្ចស្របច្បាប់ចាប់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងគ្រឿងញៀន យកទៅជំរិតទារ ប្រាក់នៅឯកន្លែងធ្វើការរបស់ខ្លួនផ្ទាល់តែម្តង។

ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំបាទឮសមត្ថកិច្ចជំនាញដែលធ្លាប់ត្រូវបានបងប្អូន ពឹងពាក់ឲ្យដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតំបន់បឹងកក់នោះនិយាយ។ គេនិយាយថា នៅតំបន់រថភ្លើងជាប់នឹងបឹងកក់ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញគឺជាកន្លែងដែល សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ហើយអាចប្រមូលបានប្រាក់ដោយស្រួលៗ ពីជនដែល ប្រើប្រាស់គ្រឿងញៀននៅតំបន់នោះ។ គេនិយាយថា សមត្ថកិច្ចមានទំនាក់ទំនងស្អិត ល្មួត ជាមួយអ្នកជួញដូរថ្នាំញៀននៅក្នុងតំបន់រថភ្លើងនោះ ឬអាចនិយាយថាជាខ្លាស (កម្លាំង​បង្កប់) របស់សមត្ថកិច្ច។ នៅពេលដែលមានមជ្ឈដ្ឋានខាងក្រៅទៅរកទិញ ថ្នាំញៀន ពួករនុកក្នុងរបស់សមត្ថកិច្ចបានទាក់ទងជាមួយសមត្ថកិច្ចដែលប្រចាំការនៅ ជុំវិញ​តំបន់​នោះ។ ពេលដែលអ្នកទិញថ្នាំញៀនបានហើយ ចេញត្រឡប់មកវិញនឹងត្រូវ សមត្ថកិច្ចដែលប្រចាំខាងក្រៅចាប់ឃាត់តែម្តង។ គេអាចនិយាយថា អ្នកលក់ថ្នាំញៀន នៅក្នុងតំបន់រថភ្លើង គឺសុទ្ធតែសមត្ថកិច្ចដឹង និងស្គាល់ទាំងអស់។

នៅពេលដែលអ្នកទិញថ្នាំញៀនបាន ហើយជិះម៉ូតូត្រឡប់ទៅវិញ នឹងត្រូវសមត្ថកិច្ច ចាប់យកទៅសួរនាំនៅកន្លែងសមត្ថកិច្ចផ្ទាល់តែម្តង។ គេនិយាយថា ការដោះស្រាយ គ្នាជាចំហផ្ទាល់ៗ ពីព្រោះសមត្ថកិច្ចមានភស្តុតាងជាក់ស្តែង ដែលមានថ្នាំញៀននៅ នឹងដៃជនរងគ្រោះ។ ពេលនោះសមត្ថកិច្ចវាយតម្លៃ ឬការចរចាដោះលែងជនរង​គ្រោះឲ្យរួច ផុតពីការចោទប្រកាន់ទៅតាមតម្លៃម៉ូតូ និងសម្ភារជាប់ខ្លួន។ បើម៉ូតូទំនើប​ស៊េរីថ្មី, មាន ទូរស័ព្ទទំនើបជាប់ខ្លួន, ខ្សែដៃ, ខ្សែក, នាឡិកា… ត្រូវទូទាត់ទៅតាមសភាព​ជាក់ស្តែង ដែលពេលខ្លះជនរងគ្រោះត្រូវចំណាយឲ្យសមត្ថកិច្ចទាំងនោះ រហូតដល់​៣ពាន់ដុល្លារ ក៏មាន។ ប្រសិនបើជនរងគ្រោះ ឬជនដែលសមត្ថកិច្ចចាប់ទៅមានការ​តវ៉ាយ៉ាងណា នោះ ពួកគេមានវិធីផ្សេងទៀតដើម្បីយកលុយ។

ប្រសិនបើជនរងគ្រោះ ឬជនដែលត្រូវសមត្ថកិច្ចចាប់បានតវ៉ា ពួកមន្រ្តីមានសមត្ថ កិច្ចទាំងនោះធ្វើលិខិតស្នាម ហើយមានមេធាវីមួយក្រុម ជាអ្នកទទួលដោះស្រាយ សម្រប​សម្រួល។ សមត្ថកិច្ចជាច្រើននិយាយថា មេធាវីដែលចូលរួមប្រព្រឹត្តអំពើមិន គប្បីជាមួយមន្រ្តីខិលខូចមានទីតាំងនៅម្តុំក្រោយទូតចិន។ ក្រុមសមត្ថកិច្ចទាំងនោះ បានរៀបចំឯកសារ ដោយសំអាងទៅលើការដឹងឮពីមេធាវី ហើយមេធាវីទាំងនោះជា អ្នកដែលជំរុញឲ្យជនរងគ្រោះប្រគល់ប្រាក់ជូនសមត្ថកិច្ច។ គ្មានអ្វីពិបាកយល់ទេ គឺ មេធាវីរួមគំនិតខូចជាមួយមន្រ្តីខាងគ្រឿងញៀន ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ ឬពី ជនដែលសមត្ថកិច្ចចាប់បានពីតំបន់បឹងកក់។

ដូច្នេះបញ្ហានៅតំបន់ជួញដូរគ្រឿងញៀនប្លុកបឹងកក់ នៅតែជារឿងដែលថ្នាក់ដឹកនាំ ត្រូវដោះស្រាយ។ ពោលគឺត្រូវបញ្ចប់បញ្ហាគ្រឿងញៀននៅតំបន់រទេះភ្លើងប្លុកបឹងកក់ នោះឲ្យចប់ជាស្ថាពរ ពីព្រោះសព្វថ្ងៃនេះតំបន់នោះ វាជាកន្លែងចិញ្ចឹមសមត្ថកិច្ចទៅ វិញ។ ជាមួយគ្នានេះកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវតែប្រាកដថា ក្រុមសមត្ថកិច្ច ដែលចុះទៅតំបន់រថភ្លើង ជាកម្លាំងខាងណាឲ្យប្រាកដ មិនមែនត្រូវឆ្លើយថា មិន ដឹងកម្លាំងខាងណាយ៉ាងដូច្នោះទេ? ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច តំបន់បឹងកក់ស្ថិត ក្នុងដែនសមត្ថកិច្ចរាជធានីភ្នំពេញ ដូច្នេះនគរបាលរាជធានីភ្នំពេញ ជាអ្នកទទួលខុស ត្រូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងរាជធានី។

បញ្ហានៅប្លុកបឹងកក់ តំបន់រថភ្លើងដែលពាក់ព័ន្ធនឹងរឿងគ្រឿងញៀននោះ បានធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចំពោះសមត្ថកិច្ចខ្លាំងណាស់។ ការដែលសមត្ថកិច្ចមួយចំនួនបង្កបញ្ហានៃការចាប់ជំរិតប្រជាពលរដ្ឋយកប្រាក់ លើកមុនគឺជារឿងមួយ ប៉ុន្តែរឿង​មួយក្រោយទៀត គឺពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលនៅតំបន់នោះក្លាយទៅ ជា កន្លែងដែលសមត្ថកិច្ចចាប់មនុស្សយកលុយ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖