ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់សត្វជ្រូកជាច្រើនក្បាលត្រូវបានក្រុមឈ្មួញដឹកតាមរថយន្តយីឌុបភ្លៅប្រាំឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងភ្លឺប្រឡាយផា ស្ថិតនៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ដោយគ្មានមន្ត្រីត្រួតពិនិត្យហើយអ្វីដែលខុសប្រក្រតីនោះឈ្មួញកាន់ច្បាប់ដឹកជ្រូកពីប្រទេសថៃឆ្លងកាត់ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជ្រូកជិត១ពាន់ក្បាលនេះជារបស់ក្រុមហ៊ុន «អង្គរ សុខ សារិទ្ធ មានជ័យ» នាំចូលពីប្រទេសថៃនាំចេញទៅប្រទេសវៀតណាម តាមច្រកទ្វេភាគីស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់លោកឧកញ៉ាមួយរួប ហើយសមត្ថកិច្ចសង្ស័យថា ក្រុហ៊ុននេះមិនចេញតាមច្រកស្វាយអាង៉ោងគឺសង្ស័យមានការឃប់ឃិតជាមួយមន្ត្រីច្រករបៀងគេចវេសក្នុងការបង់ពន្ធនាំចេញ និងគេចពីមន្ត្រីពេទ្យសត្វពិនិត្យឯកសារកាត់ស្តុក ។
ទាក់ទិនករណីខាងលើនេះដែរលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានមានប្រសាសន៍តាមទូរសព្ទ័ថា បញ្ហាឈ្មួញនាំសត្វជ្រូករស់ឆ្លងកាត់ហើយនាំចេញទៅក្រៅប្រទេសគឺត្រូវតែឆ្លងកាត់មន្ត្រីជំនាញពេទ្យសត្វត្រួតពិនិត្យឯកសារ និងចំនួនជ្រូកដើម្បីកាត់ស្តុក ហើយបើមានករណីឈ្មួញនាំជ្រូកឆ្លងដែនទៅប្រទេសវៀតណាមមែនលោកនឹងឱ្យមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចុះទៅត្រួតពិនិត្យតាមនីតិវិធី ។
លោក វាសនា តំណាងក្រុមហ៊ុន«អង្គរ សុខ សារិទ្ធ មានជ័យ»បានបំភ្លឺប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះថាដោយក្រុមហ៊ុនវៀតណាមនៅច្រកស្វាយអាង៉ោងពិបាកក្នុងការដឹកជញ្ជូនជ្រូកចូលទៅវៀតណាមទើបខាងវៀតណាមសំណូមពរសុំសាងជ្រូកនៅខេត្តស្វាយរៀងវិញ ។ ម្យ៉ាងពេលល្ងាចដល់យប់ខាងលោកមិនបានទំនាក់ទំនងមន្ត្រីពេទ្យសត្វដោយផ្អែកថា ជ្រូកទាំងនេះដឹកមកពីប្រទេសថៃគ្រាន់តែឆ្លងកាត់មិនចាំបាច់កាត់ស្តុកទេ ។
ចំណែកលោក ឈិន សៅ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលមន្ទីកសិកម្មខេត្តបានមានប្រសាសន៍ថា ដោយយប់មិនស្គាល់ភូមិសាស្ត្រពិបាកក្នុងការធ្វើដំណើរទម្រាំទៅដល់កន្លែងឈ្មួញសាងជ្រូកនោះគឺឈ្មួញបានដឹកជ្រូកចូលទៅប្រទេសវៀតណាមអស់ហើយដូច្នេះលោកមិនបានត្រួតពិនិត្យសត្វជ្រូកទាំងនោះទេ ។
ចំពោះមន្ត្រីនគបាល និងមន្ត្រីយោធាវរៈការពារព្រំដែនច្រករបៀងសំយ៉ោងក៏មិនអាចរកការបំភ្លឺបានដែរ នារសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថាសម្តេចក្រឡាមហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសរួចមកហើយថា មិនអនុញ្ញាតិឱ្យនាំនូវផលិតផលសត្វ និងផលិតផលដែលមានដើមកំណើតពីសត្វចេញចូលតាមច្រករបៀងទេទូទាំងប្រទេសក៏ប៉ុន្តែឈ្មួញបានឃប់ឃិតជាមួយសមត្ថកិច្ចការពារព្រំដែនលួចនាំសត្វជ្រូករស់ពីប្រទេសថៃឆ្លងដែនចេញទៅប្រទេសវៀតណាមតាមច្រករបៀងដោយគ្មានមន្ត្រីពេទ្យសត្វត្រួតពិនិត្យឡើយ ៕ យឹម សុថាន