ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចទូរស័ព្ទ ក្នុងមន្ទីរពេទ្យព្រះអង្គឌួងបានសម្រេច ត្រូវជនរងគ្រោះឃើញទាន់ចាប់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានបន្លំខ្លួនចូលទៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលចូលទៅសម្រាកព្យាបាល ខណៈដែលជនសង្ស័យចូលដល់ចំណុចបន្ទប់សំរាលកូនក៏ឆ្លៀតឱកាសលួចយកទូរស័ព្ទដៃមួយគ្រឿងបានសម្រេចហើយ តែត្រូវម្ចាស់ដឹងខ្លួនទាន់ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ បានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់សំរាលកូន ក្នុងមន្ទីរពេទ្យព្រះអង្គឌួងផ្លូវ លេខ៥១ ភូមិទី៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហូ ប៊ុនធឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅពុំពិតប្រាកដ ។ ចំណែកជនរងគ្រោះ ឈ្មោះ ក្បំ អ៊ឹម ភេទស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិបឹងខាងត្បូង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

វត្ថុតាងដកហូតបាន៖ ទូរស័ព្ទដៃម៉ាកoppo ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងសួរនាំ ដើម្បីស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូរាជធនីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖