ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញ បើកការ ស្រាវជ្រាវជាបន្ទាប់តាមចាប់ខ្លួន អ្នកបើករថយន្ត ដែលបុកយុវតីសិស្សសាលា ២នាក់ ស្លាប់ នៅភូមិរនេះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងបើកម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស រួចជនបង្កបានបើករថយន្តគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ ដែលមានទីតាំងស្ថិតនៅភូមិរនេះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ ។
ប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតឌុបគ្នាចេញពីរៀនភាសាអង់គ្លេស នៅម៉ោង៧យប់ ខណៈមកដល់កន្លែងកើត ហេតុ មានរថយន្តទំនើបមួយគ្រឿងម៉ាក Audi (មិនស្គាល់ស្លាកលេខ) និងរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតា Highlander (មិនស្គាល់ស្លាកលេខ) ដែលគេកំណត់ថា ជាក្រុមតែមួយ បានបើកលឿនដូចហោះ ដោយបាញ់ភ្លើងហ្វាយ៉ាងខ្លាំង មុនពេលរថយន្តពួកគេបុកយុវតីរងគ្រោះទាំងពីរ
លោក ខាត់ ច័ន្ទ នាយផ្នែកចរាចរនគរបាលខណ្ឌជ្រោយចង្វា បានប្រាប់ថា ជនរងគ្រោះបានស្លាប់ទាំង ២នាក់ ហើយនៅកន្លែងកើតហេតុនោះ មានសភាពងងឹត ដែលពិបាកធ្វើឲ្យចាប់ស្លាកលេខរថយន្តបាន៕ ជ្រោយពេជ្រ