ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ ខឹងបងស្រីស្តីបន្ទោស យកថ្នាំបាញ់ស្មៅមកផឹកធ្វើអត្តឃាតខ្លួនឯង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នារីម្នាក់ ដោយសារតែខឹងបងស្រីបង្កើតរបស់ខ្លួនស្តីបន្ទោសបន្តិចបន្តួចសោះ បានសម្រេចចិត្តប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយយកថ្នាំបាញ់ស្មៅមកផឹក តែត្រូវក្រុមគ្រួសារដឹងទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្តទាន់ពេលវេលា ។

ករណីផឹកថ្នាំបាញ់ស្មៅ ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អាត ដាវ៉ាន់ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិឃុំខាងលើ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារជនរងគ្រោះខឹង និងបងស្រី ស្តីបន្តោសឲ្យខ្លួន ក៏បានយកថ្នាំបាញ់ស្មៅ មកផឹកដើម្បីធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ជួយធ្វើអន្តរាគមន៍ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា ៕ ប្រាថ្នា


ចែករំលែក៖