ភ្នំពេញ៖ ស្ត្រីម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីដាក់ពាក្យបណ្តឹងបន្ទាប់ពីចាញ់ល្បីឆបោករបស់ក្រុមទម្លាក់យោង ដឹកយកទៅដោះគ្រឿងអលង្ការគ្មានសល់ ហើយនាំគ្នាគេចខ្លួនបាត់អស់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស្រីពៅ អាយុ ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារបាត់បង់ លុយកាក់ គ្រឿងអលង្ការ មាសប្រាក់ ទូរស័ព្ទដៃ សរុបជាង១ពាន់ដុល្លារ ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានទៅទិញស្បែកជើងនៅផ្សារឯករាជ្យ២ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានក្រុមជនសង្ស័យ ស្រី២នាក់ ប្រុស២នាក់ សរុប៤នាក់ មកសាកសួរ បញ្ចុះបញ្ចូល រឿងកញ្ចប់មាស ដោយស្លុងអារម្មណ៍ ជឿ ជិះម៉ូតូទៅតាមជាមួយ ឌុបគ្នារហូតដល់ ម្តុំវត្តព្រៃស្ពឺ សង្កាត់ចោមចៅ២ ត្រូវបានក្រុមជនសង្ស័យ ល្បួងដោះយកគ្រឿងអលង្ការ លុយកាក់ អស់រលីង គេចខ្លួនបាត់អស់ ទើបដឹងថា ចាញ់ល្បិចក្រុមជនសង្ស័យ ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ជុំវិញក្រុមចោរប្រភេទនេះ៕សុខាសែនជ័យ