ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើង និងវត្ថុតាងមួយចំនួនទៀត បានត្រៀមចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិតនាពេលរាត្រី នៅក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងនគរបាលខេត្តតាមបង្ក្រាបទាន់ពេលវេលា ។
ករណីបង្ក្រាបក្រុមចោរប្លន់ជាជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់លេខ២ ខេត្តព្រះសីហនុ ។
យោងតាមមន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញការិយាល័យព្រហ្មកម្រិតស្រាល បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីការពារប្រជាពលរដ្ឋ លុះជិះដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-6489 ។ ភ្លាមនោះកម្លាំងបានជិះតាមដានហើយ ក៏សម្រេចចិត្តឃាត់ត្រួតពិនិត្យ ពេលនោះឃើញជនជាតិចិនចំនួន៤នាក់ និងដកហូតវត្ថុតាងជាក់ស្តែងផងដែរ ។
វត្ថុតាងដែលចាប់យកពីជនសង្ស័យរួមមាន៖ អាវុធខ្លី K59 ចំនួន ១ដើម មាន ៥គ្រាប់ ; កូនកាំបិតមុតស្រួច១ដើម ; ខ្នោះដៃ ១គូ និងម៉ាសបិតមុខមួយចំនួន ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនេះ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមនេះអាចចេញ ប្លន់ ឬចាប់ជំរិត ។ បច្ចុប្បន្ន ជនជាតិចិនទាំង៤នាក់ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ប្រាថ្នា