ខេត្តកណ្តាល ៖ រថយន្តមួយគ្រឿងបើកបុកមន្ត្រីនគរបាលម្នាក់ពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ ខណៈដែលមន្ត្រីនគរបាលរូបនេះ កំពុងបំពេញភារកិច្ចលាងផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឿន រតនះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្ត្រីនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានទីលំនៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំណែករថយន្តបង្កម៉ាកហាយលែនឌ័រ ពាក់ស្លាកលេខ ខ.ម មិនចាំលេខសម្គាល់ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបំពេញភារកិច្ចលាងផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិសង្កាត់កើតហេតុ ខណៈដែលកំពុងលាងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ពាក់ស្លាកលេខ ខម មិនចាំលេខសម្គាល់ បើកដោយល្បឿនលឿន បានបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ បន្ទាប់ពីបុករួច អ្នកបើកបររថយន្តបង្ក បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង ។
ទោះជាយ៉ាងណា កម្លាំងនគរបាលក្រុងតាខ្មៅកំពុងកសាងសំណុំរឿងតាមស្រាវជ្រាវរកជនសង្ស័យដែលជាអ្នកបើកបររថយន្តបង្ក មកផ្ន្ទាទោសតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ បានតម្កល់នៅវត្តក្រពើហារ រង់ចាំប្រគល់ឲ្យបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ