ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងប៉ៃលិន​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចាប់បានចោរកំប៉ិកកំប៉ុកម្នាក់លួចមាន់៣ក្បាល ញាត់ចូលគុក

ចែករំលែក៖

ខេត្តប៉ៃលិន៖ នគរបាលក្រុងប៉ៃលិនបានឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យ ជាចោរលួចមាន់បី ក្បាលត្រូវបានសាលាដំបងខេត្តប៉ៃលិនឲ្យកម្លាំងនគបាលអធិការក្រុងបញ្ជូនយកទៅដាក់គុកនៅពន្ធនាគារខេត្តប៉ៃលិន ។

ករណីនេះកើតឡើងនៅវេលាម៉ោង វេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។

ជនសង្ស័យ ដែលចោរលួចមាន់៣ក្បាល ខាងលើត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់់ម្ចាស់មាន់ និងអ្នកភូមិ ករណីកើតឡើងកាលពីវេលាម៉ោង០៧និង១៥នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។

កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានទទួលពាក្យបណ្តឹងពីឈ្មោះ​ ឆេង​ កេង​ ភេទស្រី​ អាយុ​ ៣៩​ ឆ្នាំ​ រស់នៅ​ភូមិ​បរឌិននៀវ​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ករណី​លួច​ (​ លួច​មាន់​ )​ ។

ក្រោយ​ទទួល​ពាក្យបណ្ដឹងកម្លាំងផ្នែកជំនាញបានស្ទុះវឹងទៅស្រាវជ្រាវ និង​កំណត់​មុខ​សញ្ញា​របស់ជនសង្ស័យរហូតដល់វេលាម៉ោង ១០ និង ៤៥នាទីថ្ងៃខែឆ្នាំដដែល កម្លាំងផ្នែកជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ​ សឿន​ ប៊ុល​ ហៅ​ មល​ ភេទ​​​ប្រុស​ អាយុ​ ៣០ឆ្នាំ​ រស់នៅ​ភូមិ​បរឌិននៀវ​ សង្កាត់​ប៉ៃលិន​ ខេត្តប៉ៃលិន​ និង​ ដកហូត​បាន​មាន់ចំនួន​ ០៣​ក្បាល​ និង​ស៊ុមដែកចំនួន​ ០២​ ​ នៅផ្ទះ​របស់​ជនសង្ស័យ​ខាងលើ​ ។

ក្រោយ​សាក​សួរ​ ជនសង្ស័យ​ឈ្មោះ​ សឿន​ ប៊ុល​ ហៅ​ មល​ បានសារភាព​ថា​ ខ្លួន​ពិត​ជា​បាន​លួច​មាន់របស់ដេីម​បណ្តឹងពិតប្រា​កដមែន​ ហើយ​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ចំនួន​ ០៧លើក​មកហើយ​ទាំងលេីកនេះ នៅ​ក្នុង​សង្កាត់​ប៉ៃលិន​០៦លេីក និង​ សង្កាត់​ទួល​ល្វា​ចំនួន​ ០១លើក​ ។

បច្ចុប្បន្ន​ជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កសាង​សំណុំ​រឿង​បញ្ជូនជនសង្ស័យ​ទៅ​កាន់​អយ្យការអមសាលាដំបូង​ខេត្ត​ប៉ៃលិន​ ចាត់ការ​តាម​នីតិវិធី​ ។

ចំណែក​វត្ថុ​តាង​មាន់ចំនួន​០៣ក្បាល​ បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ ។

ជនសង្ស័យក្រោយ ពីជំនាញសាលាដំបងខេត្តប៉ៃលិនសួរនាំ រួចក៏ឲ្យកម្លាំងជំនាញនគរបាលក្រុងបញ្ជូនទៅដាក់គុកនៅពន្ធនាគារខេត្តប៉ៃលិនតែម្ដង ។

ពាក់ព័ន្ធករណីនេះ គេហួសចិត្តគ្រប់គ្នា ត្រឹមមាន់៣ ក្បាល់សោះ ៕ ស សារ៉េត


ចែករំលែក៖