ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាអាកាសធាតុ ធ្វើឲ្យពលរដ្ឋបង់ក្លាដែស​ រស់នៅយ៉ាងវេទនា

ចែករំលែក៖

បញ្ហាអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រទេសក្រីក្រមួយ​នេះ ដោយក្នុងរដូវក្តៅ គឺក្តៅខ្លាំង​ សម្លាប់មនុស្សជាច្រើន ហើយ រដូវត្រជាក់ក៏ត្រជាក់ខ្លាំង សម្លាប់មនុស្ស រាប់សិបនាក់ ។

តាមរបាយការណ៍ពីមន្ត្រីគ្រប់គ្រងគ្រោះធម្មជាតិ នៅចុងឆ្នាំ​២០១៩នេះ សីតណ្ហភាព ក្នុងប្រទេសបង់ក្លាដែសធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​ គឺធ្លាក់រហូតដល់​៤សង្សាសេ​ ក្នុងតំបន់មួយចំនួន​ស្ថិតនៅភាគខាងជើង​។គិតមកដល់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ​បានឲ្យដឹងថា លោកស្រី Ayesha Akhter មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាលបង់ក្លាដែស​បានបញ្ជាក់ថា យ៉ាង​តិច​មនុស្ស​១៧នាក់​បានបាត់បង់ជីវិត​ទាក់ទង​ជំងឺ​ខាងផ្លូវខ្យល់ដង្ហើម និង៣៣នាក់ទៀត​បានស្លាប់​ដោយសារជំងឺរាគរូស និងជំងឺផ្សេងទៀត​នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។

ប្រភពបានបញ្ជាក់ថា មន្ទីរពេទ្យ​នៅក្នុងតំបន់​ពោរពេញទៅដោយអ្នកជំងឺ​ ភាគច្រើន​គឺអ្នកជំងឺ​ទាក់ទង​ជាមួយអាកាសធាតុត្រជាក់, ដូចជាជំងឺផ្តាសាយ, ជំងឺខះជាតិទឹក និងជំងឺ​រលាកសួត​ជាដើម ។

អ្នកទាំងឡាយ​ដែលមានប្រាក់ចំណូលទាប​ ដូចជាកម្មករជាដើម កំពុងប្រឈម​ធ្ងន់ធ្ងរជាមួយអាកាសធាតុ​ត្រជាក់ខ្លាំងនេះ ដោយសារតែពួកគេខ្វះ​សម្លៀកបំពាក់​គ្រប់គ្រាន់ ។ កុមារ និងមនុស្សវ័យចាស់ ក៏កំពុងងាយនឹងទទួលរងនូវជំងឺរលាកសួតធ្ងន់ធ្ងរ​ផងដែរ ។

ការិយាល័យ​អាកាសធាតុ​​បានប្រកាសថា អាកាសធាតុធ្លាក់ត្រជាក់ អមទៅដោយ​ខ្យល់​បក់ខ្លាំង និងចុះអ័ព្ទ​ផងនេះ ទំនងជាបន្តអូសបន្លាយ​​ពេលពីរបីថ្ងៃបន្ថែមទៀត ។ បញ្ហាអាកាសធាតុធ្លាក់ត្រជាក់នេះហើយ បានបង្ខំឲ្យអាជ្ញាធរអាកាសចរណ៍​បង់ក្លាដែស​ បង្វែរ​ទិសដៅ​ហោះហើរ​របស់យន្តហោះ ឬពន្យារពេល​នៅក្នុងការចេញដំណើរ​ផងដែរ ៕


ចែករំលែក៖