ខេត្តស្វាយរៀង៖ បុរសម្នាក់បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ខណៈដែលចិត្តខ្លាំងមានជម្លោះជាមួយប្រពន្ធ ខឹងដុតផ្ទះខ្លួនឯងឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយបាចពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ឆេះសល់តែគ្រោងឆ្អឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសចិត្តខ្លាំងដែលដុតផ្ទះខ្លួនឯងមានឈ្មោះ នួន សារ៉ុត អាយុ៣៧ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ចំណែកផ្ទះដែលឆាបឆេះមានទំហំ ៦ម៉ែត្រគុណ៧ម៉ែត្រ សង់អំពីឈើ ប្រក់សង្ក័សី ជញ្ជាំងក្តារ ខូចខាតទាំងស្រុង និងសម្ភារះមួយចំនួនមិនទាន់សរុបទ្រព្យសម្បត្តិនៅឡើយ ។
តាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុគ្រួសារមួយនេះ គឺមានជម្លោះពាក្យសំដីគ្នាយ៉ាងខ្លាំង លឹដល់អ្នកភូមិ ហើយប្រមាណជាកន្លះម៉ោង ស្រាប់តែប្រពន្ធជនសង្ស័យស្រែកហៅអ្នកភូមិរបងជាមួយជួយពន្លត់ ខណៈប្ដីបានដុតផ្ទះទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយពីធ្វើសកម្មភាពដុតផ្ទះបុរសជាប្ដីបានរត់គេចខ្លួនភ្លាមៗ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕ យឹម សុថាន