ខេត្តស្វាយរៀង៖ ក្រុមជនសង្ស័យបានបន្តធ្វើសកម្មភាពចូលកាត់សោបន្ទប់ និងលួចកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋយកទៅបាត់អស់ចំនួន២គ្រឿងដោយសុវត្ថិភាព ខណៈម្ចាស់ចាក់សោ.កទុកក្នុងបន្ទប់ក្រោមផ្ទះ កាលពីវេលាប្រហែលជាចន្លាះម៉ោង២រំលងអធ្រាត្រដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំពពែតបានឲ្យដឹងថា មានករណីក្រុមជនសង្ស័យលួច យកម៉ូតូរបស់ប្រជាពលរដ្ឋអស់ចំនួន២គ្រឿង ក្នុងនោះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១N-៧៣៩៥ និងម៉ូតូមួយគ្រឿងទៀតហុងដា ធុនសេ១១០ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង (មិនចាំស្លាកលេខ) ។ ចំណែកម្ចាស់ម៉ូតូទឈ្មោះម៉ី ដុក ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភួមិកពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលករណីទី១គឺក្រុមជនសង្ស័យបានធ្វើសកម្មភាពបំពុលសត្វឆ្កែ និងលួចកាត់សោបន្ទប់ រួចកាច់សោ.កម៉ូតូលួចយកទៅបាត់ដោយសុវត្ថិភាពនៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឃុំពពែត ស្រុកស្វាយទាប ។
រហូតមកដល់ពេលនេះនៅ មិនទាន់រកឃើញតម្រុយមុខសញ្ញាក្រុមជនសង្ស័យទាំងនេះនៅឡើយទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយត្ន័ទាំងអស់គ្នា ៕ យឹម សុថាន