ព័ត៌មានទាន់ហេតុការណ៍៖

ចេញទៅទាក់សត្វបាត់ជាច្រើនថ្ងៃ ពេលរកឃើញស្លាប់ហើមរលួយបាត់ទៅហើយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានចេញពីផ្ទះបាត់ខ្លួនជាច្រើនថ្ងៃរហូតដល់ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2019 ទើបក្រុមគ្រួសារបានដើររក និងបានប្រទះឃើញស្លាប់ ហើម រលុយបាត់ហើយ ។

ប្រភពពីសមត្ថកិច្ចបានដឹងថា៖ សពជន រងគ្រោះខាងលើមានឈ្មោះ កៀន សារ៉ាត់ អាយុ 38 ឆ្នាំ មានទីលំនៅក្នុងភូមិចន្លោះរ៉េន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះដើម្បីទៅរកទាក់សត្វ និងបំពុលសត្វ ដោយចេញពី ផ្ទះតាំងពីថ្ងៃទី25 ខែធ្នូ បាត់ជាច្រើនថ្ងៃក្រុមគ្រួសារ ក៏បានដើររកស្ទើរគ្រប់ទីកន្លែង តែមិនប្រទះឃើញឡើយ លុះដល់ថ្ងៃទី 28 ខែធ្នូ ឆ្នាំ2019 ទើបក្រុមគ្រួសារបានប្រទះឃើញស្លាប់នៅចំណុចបឹងថ្លុករាំង ភូមិធ្នង់កំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញស្លាប់នៅក្នុងទឹកបឹងមានចម្ងាយពីបឹង ប្រមាណជា 60 ម៉ែត្រ ។

សមត្ថកិច្ចបានបន្តថា៖ នៅនឹងខ្លួនរបស់សាកសព សមត្ថកិច្ចរកឃើញមានសម្ភារមួយចំនួនរួមមានទូរសព្ទដៃម៉ាក OPPO មួយគ្រឿង ចិញ្ចៀនពណ៌ លឿងមួយវង់ កាបូបដៃដាក់លុយចំនួន1 ដែលមានលុយចំនួន 30,500រៀល ផងដែរ ។ ឆ្លងតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបច្ចេកទេស សមត្ថកិច្ចបានសន្និដ្ឋានថា ៖ការស្លាប់របស់ជនរងគ្រោះ សង្ស័យស្លាប់ដោយសារខ្យល់គរ រួមផ្សំនឹងការពុលចំហាយថ្នាំសម្រាប់បំពុលសត្វផង គឺពុំមែនជាអំពើឃាតកម្មអ្វីនោះឡើយ ។

សពជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖