ព័ត៌មានទាន់ហេតុការណ៍៖

ដុតកម្ទេចសង្វៀនជល់មាន់ និងរិបអូសសម្ភារយកទៅបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ និងប៉ុស្ដិ៍ត្នោតជុំ សហការចុះបង្រ្កាបក្រុមញៀនល្បែងជល់សត្វមាន់គកភ្នាល់លុយ ដោយដុតកម្ទេចសង្វៀន និងរិបអូសនូវវត្ថុតាងផងដែរ ចំណែកជនប្រព្រិត្តរត់គេចខ្លួនរង្គើព្រៃ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមាត់អូរក្នុងព្រៃ ស្ថិតក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា ក្នុងកិច្ចប្រត្តិបត្តិការបង្រ្កាបល្បែងជល់សត្វមាន់ភ្នាល់លុយ លទ្ធផល៖ កម្លាំងរិបអូសសម្ភារជាវត្ថុតាងរួមមាន សត្វមានគកចំនួន ០២ក្បាល ជញ្ជីងថ្លឹងចំនួន០២គ្រឿង កន្រ្តកដាក់សត្វមាន់ចំនួន ០៣ ម៉ូតូចំនួន៩គ្រឿង ។

ប្រភពដដែលព័ត៌មានបន្តទៀតថា សម្ភារជាវត្ថុតាងទាំងអស់ដឹកយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ចំពោះសង្វៀនដុតកម្ទេចនៅនឹងកន្លែង ៕ ប៉ឹម ពិន


ចែករំលែក៖