ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធយោធា អ៊ីរ៉ង់ រុស្ស៊ី និងចិន​កាន់តែប្រសើរដោយមានគម្រោងធ្វើសមយុទ្ធប្រចាំឆ្នាំ

ចែករំលែក៖

ក្រោយការធ្វើសមយុទ្ធត្រីភាគី កម្លាំងទាហានជើងទឹក​​ អ៊ីរ៉ង់ រុស្ស៊ី និងចិន មានគម្រោងធ្វើសមយុទ្ធជារៀងរាល់ឆ្នាំដើម្បីបង្កើនសមត្ថភាពការពារដែនសមុទ្រទប់ស្កាត់ការវាយប្រហារភេរវកម្ម ចោរសមុទ្រប្លន់នាវាជាដើម​។

នៅក្នុងសមយទ្ធរួមជាលើកដំបូង រវាង ទាហានជើងទឹក រុស្ស៊ី ចិន និងអ៊ីរ៉ង់​ដែលបានចាប់ផ្តើមកាលពីថ្ងៃទី​២៧ខែធ្នូ​ នៅតំបន់ភាគខាងជើង មហាសមុទ្រឥណ្ឌា​​​និងឈូងសមុទ្រ​អូម៉ង់ ​ជិតកំពង់ផែ Chabahar ​ប្រទេសអ៊ីរ៉ង់​។

ក្នុងរយៈពេល​៤ថ្ងៃកន្លែង កម្លាំងទាហានជើងទឹកប្រទេសទាំងបី​ បានធ្វើសមយុទ្ធ មានយុទ្ធសាស្ត្រប្រឆាំងភេរវកម្ម​ ទប់ស្កាត់ចោរសមុទ្រប្លន់នាវាដឹកទំនិញ និងជួយសង្គ្រោះ ។ សមយុទ្ធបានបញ្ចប់ទៅនៅថ្ងៃទី​៣០ខែធ្នូ ក្រោយការបញ្ចប់ធ្វើសមយុទ្ធ កម្លាំង​ទាហានជើងទឹក លោក​ Hossein Khanzadi បានបញ្ជាក់ថា​ សមយុទ្ធនេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពី ពេលនេះទៅ។

ឧត្តមសេនីយ៍ Hossein Khanzadi បានបញ្ជាក់ថា​«យើងកំពុងតែស្វែងរកការរក្សាសន្តិសុខរួម​ ហើយយើងនឹងអញ្ជើញប្រទេសក្នុងតំបន់ចូលរួមការធ្វើសមយុទ្ធដូចខាងលើ ហើយកាន់តែពង្រីកបន្ថែមទៀត​។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ បញ្ជាក់ថា ដំណាក់កាលគ្រប់គ្រង​របស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានបញ្ចប់ ហើយអាមេរិក​ចាំបាច់ត្រូវតែចាកចេញជាបន្ទាន់ពីតំបន់នេះ​។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតពាក់ព័ន្ធនោះដែរ​ កម្លាំងទាហានបដិវត្តន៍​អិស្លាមអ៊ីរ៉ង់​បានចាប់នាវាមួយគ្រឿង​សង្ស័យរត់ពន្ធប្រេង ជាមួយនាវិក​ជនជាតិម៉ាឡេស៊ី​ចំនួន១៦នាក់ ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ​របស់អ៊ីរ៉ង់​កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។

គេហទំព័រ IRIB ផ្សាយថា ជាមួយគ្នានោះ អ៊ីរ៉ង់​នៅបានរិបអូស​យកប្រេង​ប្រហែល​១,៣លានលីត្រ​ ដែលជាប្រេងរត់ពន្ធ​ពីនាវា​ដែល​មិនត្រូវបានបញ្ចេញឈ្មោះនេះផងដែរ ។ ការចាប់នេះ​ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីដែនកោះមានជម្លោះ Abu Musa នោះឡើយ ។

លោកឧត្តមសេនីយ៍ឯក Ali Ozmayi ត្រូវបានដកស្រង់សម្តី​ចុះផ្សាយថា «នាវិក​១៦នាក់ ដែលជាជនជាតិម៉ាឡេស៊ី​ត្រូវបានចាប់ខ្លួន ។ លោក Ali Ozmayi គឺជាមេបញ្ជាការ​កងទ័ពជើង​ទឹក​របស់អ៊ីរ៉ង់​នៅក្នុងតំបន់ ។

គួរបញ្ជាក់ថា ដែនកោះ Abu Musa ជាដែនកោះ​មួយ​ក្នុងចំណោមដែនកោះចំនួន៣​ស្ថិតនៅភាគខាងត្បូង​ឈូងសមុទ្រ ស្ថិតក្រោមការគ្រប់គ្រង​របស់អ៊ីរ៉ង់ ប៉ុន្តែ​ត្រូវបានទាមទារ​ដោយចក្រភពអារ៉ាប់ផងដែរ ។

លោក Ozmayi បានបញ្ជាក់ថា «នេះគឺជានាវាទី៦​​ រត់ពន្ធ​កំពូងរត់ពន្ធប្រេង ហើយត្រូវបានកម្លាំង​ឆ្មាំការពារបដិវត្តន៍​អិស្លាមអ៊ីរ៉ង់ចាប់បាន​» ។កាលពីខែកញ្ញា ឆ្នាំ២០១៩ អ៊ីរ៉ង់​បានចាប់នាវាមួយគ្រឿង​ដែលមាននាវិក​ជនជាតិហ្វីលីពីន​១២នាក់ ដោយសង្ស័យថា នាវានោះ​មានការត់ពន្ធប្រេង​ចេញពីច្រកសមុទ្រ​ ហូរមូស្ស (Hormuz) ៕


ចែករំលែក៖