ក្រោយការធ្វើសមយុទ្ធត្រីភាគី កម្លាំងទាហានជើងទឹក អ៊ីរ៉ង់ រុស្ស៊ី និងចិន មានគម្រោងធ្វើសមយុទ្ធជារៀងរាល់ឆ្នាំដើម្បីបង្កើនសមត្ថភាពការពារដែនសមុទ្រទប់ស្កាត់ការវាយប្រហារភេរវកម្ម ចោរសមុទ្រប្លន់នាវាជាដើម។
នៅក្នុងសមយទ្ធរួមជាលើកដំបូង រវាង ទាហានជើងទឹក រុស្ស៊ី ចិន និងអ៊ីរ៉ង់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៧ខែធ្នូ នៅតំបន់ភាគខាងជើង មហាសមុទ្រឥណ្ឌានិងឈូងសមុទ្រអូម៉ង់ ជិតកំពង់ផែ Chabahar ប្រទេសអ៊ីរ៉ង់។
ក្នុងរយៈពេល៤ថ្ងៃកន្លែង កម្លាំងទាហានជើងទឹកប្រទេសទាំងបី បានធ្វើសមយុទ្ធ មានយុទ្ធសាស្ត្រប្រឆាំងភេរវកម្ម ទប់ស្កាត់ចោរសមុទ្រប្លន់នាវាដឹកទំនិញ និងជួយសង្គ្រោះ ។ សមយុទ្ធបានបញ្ចប់ទៅនៅថ្ងៃទី៣០ខែធ្នូ ក្រោយការបញ្ចប់ធ្វើសមយុទ្ធ កម្លាំងទាហានជើងទឹក លោក Hossein Khanzadi បានបញ្ជាក់ថា សមយុទ្ធនេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពី ពេលនេះទៅ។
ឧត្តមសេនីយ៍ Hossein Khanzadi បានបញ្ជាក់ថា«យើងកំពុងតែស្វែងរកការរក្សាសន្តិសុខរួម ហើយយើងនឹងអញ្ជើញប្រទេសក្នុងតំបន់ចូលរួមការធ្វើសមយុទ្ធដូចខាងលើ ហើយកាន់តែពង្រីកបន្ថែមទៀត។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ បញ្ជាក់ថា ដំណាក់កាលគ្រប់គ្រងរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានបញ្ចប់ ហើយអាមេរិកចាំបាច់ត្រូវតែចាកចេញជាបន្ទាន់ពីតំបន់នេះ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតពាក់ព័ន្ធនោះដែរ កម្លាំងទាហានបដិវត្តន៍អិស្លាមអ៊ីរ៉ង់បានចាប់នាវាមួយគ្រឿងសង្ស័យរត់ពន្ធប្រេង ជាមួយនាវិកជនជាតិម៉ាឡេស៊ីចំនួន១៦នាក់ ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។
គេហទំព័រ IRIB ផ្សាយថា ជាមួយគ្នានោះ អ៊ីរ៉ង់នៅបានរិបអូសយកប្រេងប្រហែល១,៣លានលីត្រ ដែលជាប្រេងរត់ពន្ធពីនាវាដែលមិនត្រូវបានបញ្ចេញឈ្មោះនេះផងដែរ ។ ការចាប់នេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីដែនកោះមានជម្លោះ Abu Musa នោះឡើយ ។
លោកឧត្តមសេនីយ៍ឯក Ali Ozmayi ត្រូវបានដកស្រង់សម្តីចុះផ្សាយថា «នាវិក១៦នាក់ ដែលជាជនជាតិម៉ាឡេស៊ីត្រូវបានចាប់ខ្លួន ។ លោក Ali Ozmayi គឺជាមេបញ្ជាការកងទ័ពជើងទឹករបស់អ៊ីរ៉ង់នៅក្នុងតំបន់ ។
គួរបញ្ជាក់ថា ដែនកោះ Abu Musa ជាដែនកោះមួយក្នុងចំណោមដែនកោះចំនួន៣ស្ថិតនៅភាគខាងត្បូងឈូងសមុទ្រ ស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ប៉ុន្តែត្រូវបានទាមទារដោយចក្រភពអារ៉ាប់ផងដែរ ។
លោក Ozmayi បានបញ្ជាក់ថា «នេះគឺជានាវាទី៦ រត់ពន្ធកំពូងរត់ពន្ធប្រេង ហើយត្រូវបានកម្លាំងឆ្មាំការពារបដិវត្តន៍អិស្លាមអ៊ីរ៉ង់ចាប់បាន» ។កាលពីខែកញ្ញា ឆ្នាំ២០១៩ អ៊ីរ៉ង់បានចាប់នាវាមួយគ្រឿងដែលមាននាវិកជនជាតិហ្វីលីពីន១២នាក់ ដោយសង្ស័យថា នាវានោះមានការត់ពន្ធប្រេងចេញពីច្រកសមុទ្រ ហូរមូស្ស (Hormuz) ៕