ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នទទូចសុំជួបលោក អភិបាលខេត្តកំពង់ធំដើម្បីរកដំណោះស្រាយប្រើប្រាសទឹកធ្វើស្រែដោយខ្លួនឯងមិនបាច់ពឹងក្រុមហ៊ុន

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានសេចក្ដីរាយការណ៍ថា ប្រជាពលរដ្ឋ ៣៤គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋជាង២០០គ្រួសារ មកពីឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានលើកគ្នាមកតវ៉ានៅខាងមុខសាលាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៩ ម្សិលមិញនេះ ដោយគោលបំណងប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរខេត្ត ជាពិសេសប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ដោះស្រាយរឿងទឹកធ្វើស្រែ ដើម្បីឲ្យពួកគាត់ដាក់ម៉ាស៊ីនបូមទឹកប្រើប្រាស់ដោយខ្លួនឯង ។

ក្រុមប្រជាពលរដ្ឋបានអះអាងថា កន្លងមកបីឆ្នាំហើយ ក្រុមហ៊ុនលោក សុខ មុនី និងលោក ហង្ស សុគុណ ដែលធ្វើឲ្យប្រជាកសិករខាតបង់ផលស្រូវជារៀងរាល់ឆ្នាំ ដូចនេះហើយ ទើបពួកគាត់បានលើកគ្នាតវ៉ា ព្រោះថាកសិករមានលទ្ធភាព និងមានម៉ាស៊ីនបូមទឹកដោយខ្លួនឯងមិនបាច់ពឹងក្រុមហ៊ុននោះទេ ។

ប្រជាពលរដ្ឋបញ្ជាក់ថា ក្រុមហ៊ុនលោក សុខ មុនី និងលោក ហង្ស សុគុណ យកលុយក្នុង១ហិកតា ១១០ដុល្លារ ប៉ុន្តែខាងភាគីក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ ទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពលើដំណាំស្រូវ ហើយបើលុយបង់មិនទាន់ គឺត្រូវគេចាក់សោម៉ាស៊ីន មិនឲ្យបង្ហូរទឹក ដែលធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋខូចខាតធ្ងន់ធ្ងរបីឆ្នាំមកហើយ ។

ក្រុមប្រជាពលរដ្ឋ បន្តថា កន្លងទៅប្រមុខរដ្ឋាភិបាលបានដកហូតពីក្រុមឈ្មួញ ដោយទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់និងអាស្រ័យផល តែក្រុមហ៊ុនលោក សុខ មុនី និងលោក ហង្ស សុគុណ បានឃុបឃិតគ្នាចូលមក ធ្វើព្យុះភ្លៀង ដើម្បីរកប្រយោជន៍ចែកគ្នាដាក់ហោប៉ៅ ដែលប្រភពបានទម្លាយថា មានអភិបាលរងខេត្តម្នាក់នៅពីក្រោយ ។

មតិមហាជននៅក្នុងខេត្តកំពង់ធំបានលើកឡើងជាសំណួរថា តើអ្វីទៅដែលថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ ពួកគេពិតជាមិនខ្លាចអភិក្រមទាំង ៥ ចំណុច របស់ប្រមុខរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ពិតមែនឬទេ? ។ ដោយសារតែហេតុផលជាច្រើនករណីនិងភាពទន់ខ្សោយរបស់អាជ្ញាធរខេត្តផងនោះ ដំដោះស្រាយមិនចេញ ទើបប្រជាពលរដ្ឋអស់ជំនឿ ហើយស្នើសុំអង្វរយ៉ាងទទូចទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍សុំសិទ្ធិ ប្រើប្រាស់ម៉ាស៊ីនបូមទឹក របស់សហគមន៍ និងម៉ាស៊ីនបូមទឹកផ្ទាល់ខ្លួនវិញ ។

ប្រជាពលរដ្ឋ កត់សំគាលឃើញថា ជានិច្ចកាលមានតែសម្ដេចទេ តែងតែ គិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលសម្ដេចជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត និងប្រកបដោយគុណធម៌ «ទុក្ខលំបាកប្រជារាស្ត្រគឺជាទុក្ខលំបាករបស់សម្ដេច» ៕ ប៊ុនរិទ្ធី


ចែករំលែក៖