ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការ​ចែក​សៀវភៅ​១ម៉ឺន​ក្បាល បង្កប់​អត្ថន័យ​បង្ហាញ​ផ្លូវ​​ឲ្យ​សិស្ស​ចេះ​ដើរ​ផ្លូវ​ជោគជ័យ​តាំង​​ពី​កុមារ

ចែករំលែក៖

ភ្នំពេញ៖ ជា​សៀវភៅ​សរសេរ​ធម្មតា​ ប៉ុន្តែ​នៅ​លើ​​ក្រប​សៀវភៅ បាន​សរសេរ​បង្ហាញ​ពី​គោល​ដៅ​របស់​មនុស្ស​ម្នាក់ៗ​​ដែល​ចង់​បាន​នា​ថ្ងៃ​អនាគត ថា​តើ​ចង់​ធ្វើ​អ្វី? អ្នក​ជំនួញ? រាជការ? គ្រូពេទ្យ? វិស្វករ? គ្រូ​បង្វឹក?ឬ គណនេយ្យករ ជា​ដើម រួម​នឹង​ពាក្យ​ដាស់តឿន​មួយ​ចំនួន ដល់​មនុស្ស​ទូទៅ សុទ្ធតែ​ត្រូវ​បាន​​បោះពុម្ព​លើ​ក្រប សៀវភៅ​ចំនួន​១ម៉ឺន​​ក្បាល របស់​​សប្បុរសជនឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា សម្រាប់​ចែក​ជូន​ដល់​សិស្ស​តាម​នៅ​សាលា​ក្រីក្រ តាម​​ទី​ជនបទ​នា​ក្នុង​ប្រទេស​កម្ពុជា។

យុទ្ធនាការ​ចែក​សៀវភៅ​សរសេរ​១​ម៉ឺន​ក្បាល​​របស់​​លោក​ឧកញ៉ា​បណ្ឌិត ដែល​មាន​ប្រវត្តិ​ជា​អ្នក​រត​ម៉ូតូឌុប​នេះ បាន​ធ្វើ​ឡើយ​ចំនួន​២​សាលា​មក​ហើយ​ក្នុង​ខេត្ត​ស្វាយ​រៀង ដោយ​បាន​ចែក​​អស់​ជាង​៤​ពាន់​មក​ហើយ។ ការ​​ចែក​លើក​​ទី​១ បាន​ធ្វើ​នៅ​សាលា អនុវិទ្យាល័យ ច្រេស ខេត្ត ស្វាយរៀង ស្ថិត​ភូមិ ត្រពាំងដៀ​លើ ឃុំ ច្រេស ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ។ ការ​ចែក​លើ​ទី​២បាន​ធ្វើ​ថ្ងៃ​ទី៣០ ខែ ធ្នូ ឆ្នាំ ២០១៩ នៅ​ឯ​សាលា​បឋមសិក្សា​ពោធិរស់ ស្ថិត​ក្នុង​ភូមិ ពោធិតា​រស់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយ​រៀង។ ឧកញ៉ា​បណ្ឌិត ភិរម្យ បាន​លើក​ឡើង​ថា យុទ្ធនាការ​ចែក​សៀវភៅ​​​ដល់​សិស្សានុសិស្ស​​នេះ គឺ​ធ្វើ​ឡើង ក្នុង​គោល​បំណង ដើម្បី​រួម​ចំណែក​ក្នុង​ការ​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្ស​តាម​ជន​បទ​ដែល​កំពុង​ខ្វះ​ខាត។ ការ​ចែក​ជូន​នេះ មិន​មាន​តែ​សៀវភៅ​ទេ គឺ​មាន​ប៊ិច ព្រម​ទាំង​​ថវិកា មួយ​ចំនួន​ដល់​លោក​គ្រូ អ្នកគ្រូ​ផង​ដែរ ក្នុង​នោះ​ក៏​មាន​ការ​សំណូមពរ​របស់​​សាលា​ដែល​ខ្វះខាត ហើយ​ក្រុម​ការងារ​លោក​ឧកញ៉ា បាន​ទទួល​សំណើ​ទាំង​នោះ​ទៅ​សិក្សា​ថា តើ​គួរ​​សម្រេច​ជួយ​ដោយ​វិធី​ណា ហើយ​​សំណើ​មួយ​ណា អាទិភាព។

ទន្ទឹម​​គ្នា​នោះ​ដែរ សិស្សានុសិស្ស​ទាំង​អស់​ដែល​បាន​មក​ទទួល​សៀវភៅ​ប៊ិច​​ទាំង​នោះ ពួក​គេ​បាន​ស្ដាប់​ការ​ផ្ដល់​ដំបូន្មាន​ល្អៗ ពី​លោក​ឧកញ៉ា​បណ្ឌិត ​ជា​ច្រើន​ថែម​ទៀត​ផង។ ការ​ចែក​លើក​ទី៣ លោក​ឧកញ៉ា បាន​ប្រាប់​ថា គ្រោង​ទៅ​ចែក​នៅ​សាលា​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត កំពង់​ឆ្នាំង នា​ពេល​ឆាប់​នេះ​បន្ត​ទៀត។ បន្ទាប់​ពី​ធ្វើ​យុទ្ធនាការ​ចែក​សៀវភៅ​១ម៉ឺន​ក្បាល​នេះ​ភ្លាម​ លោក​ឧកញ៉ា បាន​ឲ្យ​​ដឹង​ថា មាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន ជា​មួយ​គ្នា​នោះ​ផង​ដែរ​ក៏​មាន​សាលា​ជា​ច្រើន​បាន​ទាក់​ទង​មក​ឲ្យ​លោក​ឧកញ៉ា នាំ​សៀវភៅ​ទាំង​នោះ ទៅ​ចែក​ជូន​សិស្សានុសិស្ស​ពួក​គាត់​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ដោយសារតែ​លោក​ឧកញ៉ា មាន​ការ​មមាញឹក​ខ្លាំង ជំហាន​ដំបូង​សម្រេច​ជ្រើស​រើស សាលា​ដែល​មាន​ភាព​លំបាក​ខ្លាំង​ប៉ុណ្ណោះ។

ជា​មួយ​នឹង​កិច្ចការ​ជួយ​ដល់​សង្គម​ពិសេស​លើ​វិស័យ​អប់រំ​នេះ បន្ទាប់​ពី​បញ្ចប់​​យុទ្ធនាការ​ចែក​សៀវ​ភៅ​លោក​ឧកញ៉ា​បណ្ឌិត មាន​ផែន​ការ​ធ្វើ​បណ្ណាល័យ​ចល័ត​បន្ថែម​ទៀត ហើយ​​បណ្ណាល័យ​នោះ នឹង​ធ្វើ​ដំណើរ​ដឹក​សៀវភៅ​ជា​ច្រើន​ពាន់​ក្បាល ចែក​ជូន​សិស្សានុសិស្ស​ក៏​ដូច​ជា​ប្រជាជន បាន​អាន​ទៅ តាម​ទី​ដាច់​ស្រយាល ។ អ្វី​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​អាន​សៀវភៅ លោក ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា នឹង​រៀប​ចំ​ជា​ប្រាក់​​លើក​ទឹក​ចិត្ត អាន​សៀវ​ភៅ​ចប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ថែម​ទៀត មាន​ន័យ​ថា អាន​សៀវភៅ​បាន​លុយ បាន​ទាំង​ចំណេះ៕ វឌ្ឍនា

 


ចែករំលែក៖