ព័ត៌មានទាន់ហេតុការណ៍៖

ចោរថ្លើមធំ ជិះម៉ូតូទៅលួចទូរស័ព្ទគេដល់ក្នុងផ្ទះ ត្រូវម្ចាស់ដឹងទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ កាលពីវេលាម៉ោង ៧ និង ២០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យឈ្មោះ ហ៊ឹម រិន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។ ចំណែកជនរងគ្រោះឈ្មោះជុំ ច័ន្ទតារា ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ។

យោងតាមប្រភពពីនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគី ស្មាក់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BN-7446 ទៅឈប់មុខផ្ទះជនរងគ្រោះ បន្ទាប់មកក៏ដើរចូលក្នុងផ្ទះជនរងគ្រោះធ្វើសកម្មភាពលួចទូរស័ព្ទបានចំនួន២គ្រឿង ភ្លាមនោះម្ចាស់មកឃើញទាន់ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕ ប្រាថ្នា


ចែករំលែក៖