ខេត្តកំពង់ឆ្នាំង៖ បងប្អូនខ្មែរអ៊ិស្លាមជាង ៥០នាក់ តំណាងឲ្យពលរដ្ឋខ្មែរអ៊ិស្លាមជាង ១០០គ្រួសារ រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង បានមកជួបជុំគ្នា ដើម្បីធ្វើការសំណូមពរដល់លោក សុះ គឹមរី ជាចាងហ្វាងគណៈគ្រប់គ្រងជាន់ខ្ពស់ខ្មែរអ៊ិស្លាមកម្ពុជា ដោយបានសំណូមពរដល់លោកចាងហ្វាង មុននឹងធ្វើការបោះឆ្នោតជ្រើសរើស ហាកឹម (អ្នកដឹកនាំតាមភូមិផ្នែកសាសនា) ដែលជាតំណាងរបស់បងប្អូនខ្មែរអ៊ិស្លាម រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋសរុបជាង ២០០គ្រួសារនោះ សុំឲ្យការជ្រើសរើសនេះធ្វើយ៉ាងណាឲ្យមានតម្លាភាព ដែលពួកគាត់អាចទទួលយកបានទាំងអស់គ្នា។
ការជួបជុំបងប្អូនខ្មែរអ៊ិស្លាមជាង ៥០នាក់នេះបានធ្វើឡើងនៅព្រឺកថ្ងៃ ព្រហស្បតិ៍ ៨កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២ ខែ មករា ឆ្នាំ២០២០នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក រ៉េម ឯល តំណាងឲ្យប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ដែលមកតាំងទីលំនៅតាមមាត់ទន្លេ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនេះ គឺមានរយៈពេល ៤២ឆ្នាំមកហើយ ចំណែក ហាកឹម ក៏មាន៣ជំនាន់មកហើយដែរ។ តែនៅពេលថ្មីៗនេះ ហាកឹម ជំនាន់ទី៣ គឺគាត់មានវ័យជាង ៨០ឆ្នាំមកហើយ និងគាត់ក៏បានស្លាប់រយៈពេលជាង ១ឆ្នាំមកហើយដែរ ហើយក៏បានតែងតាំង ហាកឹម រងឲ្យឡើងជំនួសរហូតសព្វថ្ងៃ។
លោកបន្តថា ហាកឹម ដែលគ្រប់គ្រងសព្វថ្ងៃនេះ ពលរដ្ឋខ្មែរអ៊ិស្លាម នៅក្នុងភូមិចុងកោះភាគច្រើន ស្រលាញ់ចូលចិត្តគាត់ មិនដែលមានថ្នាំងថ្នាក់អ្វីឡើយ។ តែថ្មីៗនេះ ខាងថ្នាក់ដឹកនាំសាសនា គេមានគម្រោង និងធ្វើការជ្រើសរើស ហាកឹម ថ្មីជំនួស ហាកឹម សព្វថ្ងៃ។ ការជ្រើសរើសអ្នកដឹកនាំថ្មីក្រោយនេះ គឺពួកគាត់ឥតមានជំទាស់អ្វីដែរ តែសុំឲ្យជ្រើសរើស រកអ្នកដែលមានសមត្ថភាពពិតប្រាកដ ពិសេសរកអ្នកដែលចេះសូត្រ កូរអាន ឬ (គុម្ពីរ) ផង និងសុំឲ្យមានការរៀបចំបោះឆ្នោតឲ្យបានត្រឹមត្រូវជៀសវាងការបន្លំសន្លឹកឆ្នោត ដែលជ្រើសយកតែបក្ខពួករបស់ខ្លួនធ្វើឲ្យបងខ្មែរអ៊ិស្លាមគ្មានទំនុកចិត្តនោះឡើយ ៕ ប្រាថ្នា