ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍ លោកអធិការដ្ឋាន នគរបាលក្រុងប៉ៃលិនឲ្យដឹងថា មានករណីភ្លើងឆេះជង្រុក បានឆាបឆេះសម្ភារ និងសត្វមួយចំនួននៅវេលាម៉ោងប្រហែល១២និង០០នាទីថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យឆេះជង្រុកអស់ទាំងស្រុងទំហំ ០៨ម៉ែត្រx៥០ម៉ែត្រ និងសម្ភារៈរបស់របរទាំងស្រុង ។
ប្រភពបញ្ជាក់ថា ករណីនេះខូចខាតដូចជា ត្រាក់ទរ័ចំនួន ០១គ្រឿង ម៉ាស៊ីនសម្រាប់ដេរសំលៀកបំពាក់ចំនួន ០១ឈុត, ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំ និងឈើសម្រាប់ទុកសាងសង់ផ្ទះរួមទាំងរបស់ជាច្រើនទៀតឆេះទាំងស្រុង ។
តាមរបាយការណ៍ពីសមកិច្ចជំនាញនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា ករណីនេះមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ។ ការឆេះនេះគឺមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ព្រោះម្ចាស់ជង្រុក និងកម្មករមិននៅទីនោះ មុនពេលកើតហេតុ ។
ម្ចាស់ជង្រុគឈ្មោះ ឃុត គឹមហេន ភេទស្រី អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បច្ចុប្បន្នករណីខាងលើនេះភ្លើងរលត់ទាំងស្រុង ដោយមានការអន្តរាគមន៍ពន្លត់ពីរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន ៕ ស សារ៉េត