ខេត្តកំពង់ស្ពឺ៖ មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយលោក តាប់ ម៉ាឡៃ ជាប្រធានមន្ទីរ ដែលបានចូលកាន់តំណែងតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ ដល់ពេលនេះ គឺនៅខ្វះតែ១០ថ្ងៃទៀត គឺ សរុបចំនួន១០ឆ្នាំគត់ ប៉ុន្តែក្នុងរយៈពេលចាប់តាំងលោក តាប់ ម៉ាឡៃ បានធ្វើជាប្រធានមន្ទីរមួយនេះ អំពើពុករលួយ និងគ្រួសារនិយម ក៏បានកើតមានយ៉ាងធ្ងន់ធ្ង ដែលចាំបាច់ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងអង្គភាពប្រឆាំងអំពើពុករលួយ គួរចុះស្រាវជ្រាវជាបន្ទាន់ ព្រោះទង្វើនេះ កំពុងបង្កការបៈពាល់ដល់កិច្ចប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។
ប្រភពពីមន្ត្រីម្នាក់បានទម្លាយឲ្យដឹងថា មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ មានគ្រួសារនិយម និងអំពើពុករលួយ ដោយលោកប្រធានមន្ទីរ តាប់ ម៉ាឡៃ បានលើកតំកើងសាច់ញាត្តិ ក្នុងនោះរួមមាន៖
ទី១ លោក គង់ សុជា ជាប្រធានការិយាល័យសំណង់ ត្រូវជាប្អូនជីដូនមួយ លោកប្រធានមន្ទីរ តាប់ ម៉ាឡៃ ។
ទី២ លោក ខា សុភីន អនុប្រធានការិយាល័យរដ្ឋបាល ត្រូវក្មួយបង្កើត។
ទី៣ លោក ជឹម សារឿង កាន់GIS ត្រូវជាក្មួយបង្កើត មានអំណាចខ្លាំង បើនិយាយមិនត្រូវរូបគេទេ ប្រាកដជាគេមិនព្រីនប្លង់ដីឲ្យប្រធានមន្ទីរស៊ីញ៉េឡើយ។
ទី៤ លោកស្រី អួយ ចាន់វល័ក្ខ កាន់ការិយ៉ាល័យអភិរក្ស ត្រូវជាក្មួយប្រសារ។
ទី៥ លោក តាន់ បូរី មន្ត្រីកិច្ចសន្យាការិយាល័យសំណង់ ត្រូវជាកូនប្រសារ។
ទី៦ កញ្ញា អួយ ចាន់ពិសី មន្ត្រីកិច្ចសន្យាការិយាល័យសំណង់ ត្រូវជាក្មួយរបស់លោកស្រី អួយ ចាន់វល័ក្ខ ។ក្រៅពីនោះមានមន្ត្រីកិច្ចសន្យា៣រូបទៀត ត្រូវជាក្មួយរបស់លោកប្រធានមន្ទីរ ។
ចំណែកអ្នកដែលជំនិតបំផុតរបស់លោកប្រធានមន្ទីរ និងមានអំណាចខ្លាំង គឺ លោក ស៊ីម រតន ប្រធានការិយាល័យរដ្ឋបាលមន្ទីរ។
ចំពោះមន្ត្រីដែលមានឈ្មោះខាងលើ សព្វថ្ងៃពួកគេកំពុងកាក់កប និងការប្រព្រិត្តិអំពើពុករលួយ ដោយធ្វើជាអ្នករត់ការកាត់ឈ្មោះប្លង់ដី ក្នុងមួយប្លង់ៗ យកថ្លៃឯកសារ ចាប់ពី៤៥០ដុល្លារឡើងទៅរហូតដល់ពាន់ដុល្លារតាមប្រភេទដីធំ តូច ត្រូវប៉ាន់ ឬ មិនសូវត្រូវប៉ាន់។ ហើយបើអ្នកត្រូវការកាត់ឈ្មោះប្លង់ដីតាមរយៈមន្ត្រីទាំងនេះ ស៊ីញ៉េលឿនក្នុងរយៈពេលខ្លី និងកាត់ប្លង់រួចរាល់ ប៉ុន្តែបើកាន់ឯកសារខ្លួនឯង ត្រូវចំណាយពេលរាប់ខែ ក៏ចេញមិនរួចផងពេលខ្លះ។ សម្រាប់មន្ត្រីក្នុងមន្ទីរផ្សេងៗ ដែលកាន់ឯកសាររត់ការកាត់ឈ្មោះប្លង់ដី ក៏ត្រូវចំណាយពេលយូដែរ ។ ព្រោះពួកគេមិនចង់ឲ្យមន្រ្តីនៅក្នុងមន្ទីរ ដែលក្រៅពីសាច់ញាត្តិ និងបក្ខខ្លួនទទួលបានផលប្រយោជន៍នោះឡើយ ៕ សេនាស័ក្តិ