ភ្នំពេញ៖ ម្ចាស់បទគេជាស្រីកាប់ដាវ កញ្ញា តន់ ច័ន្ទសីម៉ា បានបញ្ចេញបទចម្រៀងចង្វាក់ញាក់បែប Hip Hop ជាលើកដំបូងរបស់ខ្លួនក្នុងផលិតកម្ម Galaxy ។ បទថ្មីនេះទទួលបានការគាំទ្រច្រើនដែលគេរំពឹងថានឹងអាចបំបុកទីផ្សារចម្រៀងរបស់នាងកាន់តែខ្លាំង ។
ដើមឆ្នាំថ្មី ២០២០ ភ្លាម តារាចម្រៀងផលិតកម្ម Galaxy តន់ ច័ន្ទសីម៉ា បានសម្រេចលទ្ធផលថ្មីទៀត ក្រោយពីនាងបទចេញថ្មីមួយបទមានចំណងជើងថា “ឡានស៊ីរ៉ែន” មានរសជាតិថ្មីប្លែកមិនដែលប្រទះក្នុងចំណោមបទចម្រៀងរបស់នាង ។ បទចម្រៀងនេះបញ្ចេញក្រោយពីបទចម្រៀង ៣បទរបស់នាងកាលពីគ្រាកន្លងទៅទទួលបានការពេញចិត្តពីអ្នកគាំទ្រ ។ ដូចការបញ្ជាក់របស់នាងថ្មីៗនេះលើកឡើងថា បទចម្រៀងថ្មីរួមទាំងបទញាក់កន្ត្រាក់អារម្មណ៍ថ្មីត្រូវបានត្រៀមរួចជាស្រេច ។
ការផ្អាកច្រៀងនៅតាមភោជនីយដ្ឋានរបស់តារាស្រីរូបនេះក៏នឹងអាចទុកពេលឲ្យនាងហ្វឹកហាត់ក្បាច់រាំ និងការថែរក្សាសុខភាពសំឡេងរបស់នាងកាន់តែប្រសើរ និងត្រៀបចេញទទួលយកការងារលើឆាកតន្ត្រីធំចាប់ពីដើមឆ្នាំនេះផងដែរ ។ បទញាក់ថ្មីនេះក៏នឹងធ្វើឲ្យផលិតករមានជម្រើស និងអាចឲ្យនាងមានបទញាក់ផ្ទាល់ខ្លួនដូចតារាចម្រៀងអាជីពក្នុងផលិតកម្មធំៗផងដែរ ។ បទនេះ ជាប្រភេទបទបែប ឌីជេ កម្រលឺសម្រាប់នាងផ្ទាល់ និងប្រិយមិត្តរបស់នាង ។ ប្រភេទបទពេញនិយមសម្រាប់យុវវ័យមួយនេះ ទើបនឹងចេញនៅយប់ចុងក្រោយនៃឆ្នាំ ២០១៩ ប៉ុណ្ណោះ ហើយមកដល់ពេលនេះ អ្នកគាំទ្ររបស់នាងនៅតែជជែកគ្នាពីរឿងនេះនៅឡើយថា ប្លែក និងពីរោះ ។
តាមរយៈបទនេះ អ្នកគាំទ្រនាងជាច្រើន បានលើកសរសើរតារាចម្រៀងស្រីថា នាងមានសមត្ថភាពកំពូល ពោលគឺអាចច្រៀងបានគ្រប់ទម្រង់តែម្ដង ។ ក្រៅពីនេះ ពួកគេក៏សរសើរពីទឹកដៃនិពន្ធបទភ្លេងរបស់ Tempo Tris ដែរថា លោកនិពន្ធបទភ្លេងមក មួយបទណាក៏ពីរោះដែរ ។ ចំណុចគួរចាប់អារម្មណ៍បទ “ឡានស៊ីរ៉ែន” គឺជាស្នាដៃនិពន្ធផ្ទាល់របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពីឧកញ៉ាវ័យក្មេងរូបនេះ បានជួយឲ្យ សីម៉ា ផ្ទុះខ្លាំងជាមួយបទ “គេជាស្រីកាប់ដាវ” រួចទៅហើយ ។ ទោះជាយ៉ាងណាបទនេះ ទើបនឹងចេញជាវីដេអូសំឡេង(Video Audio) នៅឡើយ មិនដឹងថាពេលណានឹងចេញជាវីដេអូចម្រៀងផ្លូវការនៅឡើយនោះទេ៕ វឌ្ឍនា