ព័ត៌មានទាន់ហេតុការណ៍៖

នឿន នាគស៊ីណាត្រា ស្ពាយជោគជ័យពីកម្មវិធីតន្ត្រីអន្តរជាតិឆ្លងឆ្នាំនៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ ពិតជាកោតសរសើរចំពោះតារាចម្រៀងប្រុស នឿន នាគស៊ីណាត្រា ដែលបានបង្ហាញមោទភាពចំពោះជោគជ័យរបស់លោកក្នុងកម្មវិធីប្រគំតន្ត្រីអន្តរជាតិឆ្លងឆ្នាំដ៏ធំមួយនៅទីក្រុងណាននីញ ខេត្តក្វាងស៊ី ប្រទេសចិន ។ តារារូបនេះ បានធ្វើឲ្យគេភ្ញាក់ផ្អើល និងការចេញច្រៀងលើកដំបូងក្នុងនាមជាតារាចម្រៀងតំណាងពីកម្ពុជា ។

តារាចម្រៀងនឿន នាគស៊ីណាត្រា បានបង្ហាញក្តីរីករាយក្រោយពីទទួលបានការគាំទទ្រ និងពេញចិត្តខ្លាំងពីអ្នកផលិតកម្មវិធី ។ តារារូបនេះបញ្ជាក់ថាលោកបានបង្ហាញសមត្ថភាពច្រៀងបទចម្រៀង៣បទដែលជាបទថ្មីផ្ទាល់ខ្លួន និងការច្រៀងរួមគ្នានឹងតារាចម្រៀងមកពីបណ្តាប្រទេសជាច្រើន ។ ក្រៅពីបទចម្រៀងថ្មីរបស់ខ្លួនតារារូបនេះ បានបង្ហាញឈុតសម្លៀកបំពាក់បុរាណខ្មែរដែលជាអត្តសញ្ញាណជាតិខ្មែរក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំដែលមានការផ្សាយផ្ទាល់ពីទូរទស្សន៍នៅប្រទេសចិននេះផងដែរ ។

តារាចម្រៀងឯករាជរូបនេះបានលើកឡើងថា លោកពិតជាមោទនភាព និងរំភើបក្រោយពីសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់លើការចេញច្រៀងលើកដំបូងនេះ និងជាបទពិសោធថ្មីមិនអាចបំភ្លេចបាន ។ លោកថាកម្មវិធីនេះបានឆ្លុះបញ្ចាំងពីសាមគ្គីភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើផ្នែកសិល្បៈវប្បធម៌ រវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់និងជុំវិញពិភពលោក ។

អ្វីដែលលោកសប្បាយចិត្តផងដែរនោះគឺការផ្តល់ឱកាសពីអ្នកផលិតកម្ម និងការជួយសម្របសម្រួលការងារជាច្រើនពីក្រុមថ្នាក់ដឹកនាំផលិតកម្មវិធី នៃស្ថានីយទូរទស្សន៍Nice TV ដើម្បីឲ្យការច្រៀងរបស់លោកាន់តែមានភាពរលូន និងទទួលបានការពេញចិត្តខ្លាំងពីផលិតករនៃប្រទេសចិន ។ ក្រៅពីការហ្វឹកហាតសម និងច្រៀងក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នេះលោក ក៏បានធ្វើដំនើរកម្សាន្តនៅតំបន់ទេសចរណ៍មួយចំនួននៃទីក្រុងណាននីញ ខេត្តក្វាងស៊ី ។ លោកថាជោគជ័យនេះក៏បានពីការផ្តល់កម្លាំងចិត្តពីមិត្តរួមអាជីព ក្រុមគ្រួសារ និងអ្នកគាំទ្រលោកផងដែរ ដែលលោករំពឹងថានឹងទទួលបានឱកាសចេញទៅច្រៀងរាំជាថ្មីនៅថ្ងៃខាងមុខ៕ វឌ្ឍនា


ចែករំលែក៖