ព័ត៌មានទាន់ហេតុការណ៍៖

ជិតដិតគ្នាច្រើនឆ្នាំមែន ប៉ុន្តែ ឆឹម សក្កដា និងដួង ម៉ានិចទើបនឹងប៉ះគ្នាក្នុងរឿងដំបូង

ចែករំលែក៖

ភ្នំពេញ៖ អ្នកក្នុងនឹងក្រៅចង្កោមសិល្បៈមួយចំនួនធ្លាប់បានឃើញពីការរាប់អានគ្នាយ៉ាងជិតដិតរវាងតារាសម្តែងនិងចម្រៀង ឆឹម សក្កដា និងកញ្ញា ដួង ម៉ានិច ។ ស្គាល់គ្នាច្រើនឆ្នាំមែនប៉ុន្តែអ្នកទាំងពីរទើបតែប៉ះគ្នាក្នុងភាពយន្តភាគ រឿង “កូនប្រសាអ្នកមាន” ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ។

ជាភាពយន្តរសជាតិថ្មីរឿង “កូនប្រសាអ្នកមាន” ដែលសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើននោះ ត្រៀមចាប់បញ្ចាំងនៅលើទូរទស្សន៍ហង្សមាសចាប់ពីថ្ងៃទី០៦ ខែ មករាឆ្នាំ២០២០នេះហើយ ។ បញ្ចេញវីដេអូខ្លីៗមួយចំនួន ទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជនរួចស្រេចទៅហើយ ពិសេសវត្តមានសម្តែងរបស់តារាសម្តែង ឆឹម សក្កដា និងកញ្ញា ដួង ម៉ានិច ដែលពួកគេបានរួមគ្នាសម្តែងជាគូស្នេហ៍ និងមានសាច់រឿងចាប់ពីពួកគេនៅក្មេងរហូតដល់វ័យចំណាស់ ។ តារាសម្តែង ដួង ម៉ានិច បានបញ្ចាក់ថា ស្និទ្ធស្នាលគ្នាខ្លាំងក្រៅឆាក ប៉ុន្តែក្នុងភាពយន្តទើបតែលើកដំបូងប៉ុណ្ណោះដែលបានសម្តែងរួមគ្នា ។

នាងថា កាន់តែមិនប្រឈមនឹងផលលំបាកច្រើនក្នុងការសម្តែង ព្រោះតែនាងនិងដៃគូសម្តែងរូបនេះយល់ចិត្តគ្នាច្រើនរួចស្រេចទៅហើយ ។ នាងសរសើរ ឆឹម សក្កដា តារាជាសុភាពបុរស រួសរាយរាក់ទាក់ ម៉ឺងម៉ាត់នឹងការងារ និងគោរពស្រលាញ់តារាសម្តែងដូចគ្នារួមទាំងក្រុមការងារផលិត ហើយភាពយន្តនេះបានបន្សល់ទុកនូវអនុស្សាវរីយជាច្រើនរួមគ្នាជាមួយសិល្បករ និងផលិតករផងដែរ ។ នាងថាជាភាពយន្តថ្មីដែលមានរស់ជាតិប្លែក ហើយនាងពេញចិត្តខ្លាំងចំពោះសាច់រឿងជាមួយនឹងក្តីរំពឹងខ្ពស់ថានឹងទទួលបានការគាំទ្រច្រើននៅដើមឆ្នាំ ២០២០នេះ ។

សម្រាប់នាងមានគម្រោងចេញថតភាពយន្តភាគថ្មីនៅពេលដ៏ខ្លីខាងមុខនេះផងដែរ អ្វីដែលធ្វើឲ្យនាងកាន់តែសប្បាយចិត្តគឺក្រោយពីបានសម្តែងបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងរៀមច្បង លោកព្រាប សុវត្ថិ ៣បទផ្ទូនៗគ្នាមានដូចជាបទ សង្សារមួយខែពីរខែ បទ ចេះតែនឹកចេះតែចង់ជួប និងបទ បើគេល្អជាងខ្ញុំ ជាដើម ។

តារាស្រីរូបនេះបង្ហើបថា នាងនឹងមានអ្វីដែលថ្មីប្លែកបន្តទៀតនៅចុងខែមករានេះ ហើយក៏ជាក្តីស្រមៃយ៉ាងធំមួយក្នុងអាជីពសិល្បៈរបស់នាងផងដែរ៕ វឌ្ឍនា


ចែករំលែក៖