ភ្នំពេញ៖ តារាសម្តែង ថម មី និងតារាចម្រៀង សួស វីហ្សា បានចេញទៅក្រេបទឹកឃ្មុំហើយបន្ទាប់ពីរៀបមង្គលការរួច ។ ពួកគេបានដឹកដៃគ្នាទៅលើនៅបណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុបចំនួន៨ប្រទេសប្រមាណមួយខែពេញ ដោយមិនខ្វល់ និងមុខជំនួញ និងរដូវកើបលុយពីការសម្តែង និងច្រៀងរាំ ។
បង្កើនក្តីសុខផ្ទាល់ខ្លួន សួស វីហ្សា បានចេញទៅក្រៅប្រទេសតាមគម្រោងបើទោះបីជាពេលនេះជារដូវកើបប្រាក់ពីការងារសិល្បៈក្តី ។ ដំណើរក្រេបទឹកឃ្មុំនេះធ្វើឡើងក្រោយរៀបមង្គលការរបស់ពួកគេបាន១ខែកន្លះ និងក្រោយពីពួកគេបានបើកដំណើរការហាងលក់សម្លៀកបំពាក់មួយចំណាយខ្ទង់ម៉ឺនដុល្លារអាមេរិកនៅតំបន់ផ្សារទំនើបអ៊ីអន២នោះ ។ មុនពេលចាកចេញពីកម្ពុជាកាលពីដើមសប្តាហ៍នេះ ពួកគេបានលើកឡើងថាដំណើរក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសរហូតដល់ទៅ៨ប្រទេសឯណោះ មាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក ដោយត្រូវចំណាយ ពេលនៃការដើរលេងនេះខ្ទង់១ខែ ។ ដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់គូស្នេហ៍សិល្បៈមួយគូនេះ ទើបតែចាប់ផ្ដើមមិនបានប៉ុន្មានផង សួស វីសា ស្រាប់តែរអ៊ូរទាំឃ្លានម្ជូរ ឃ្លាននេះ ឃ្លាននោះ ធ្វើឲ្យមិត្តភក្ដិ និង អ្នកលេងហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយពួកគេសង្ស័យថា សួស វីសា ប្រហែលជាមានដំណឹងល្អហើយ ។
គេចាំបានថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាងសួស វីហ្សា និង ថមមី ត្រូវបានគេដឹងថា បានប្រឡូកជាមួយការងារសិល្បៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេទាំងពីរ ទើបតែស្រលាញ់គ្នាខ្ទង់៤ទៅ៥ឆ្នាំមកនេះប៉ុណ្ណោះ ។ ក្រោយពីមើលចិត្តគ្នាបានដិតដល់ហើយ ពួកគេក៏សម្រេចបើកចំហទំនាក់ទំនងមួយនេះ និងបានកសាងសមិទ្ធផលមួយចំនួនជាមួយគ្នាមុនរៀបការ ក្នុងនោះពួកគេបានទិញរថយន្តទំនើបជាច្រើនគ្រឿង និងផ្ទះវីឡាធំមួយ នៅបុរីទំនើបមួយ និង បើកហាងជាច្រើនកន្លែង ។
រថយន្តដែលអ្នកទាំងពីរទើបតែទិញមុនថ្ងៃរៀបការនោះ គឺលុចស៊ីស៥៧០ ថ្មីស្រឡាងតែម្ដង ។ ជោគជ័យទាំងប៉ុន្មានខាងលើ ថមមី ថា ក៏ព្រោះតែពួកគេ ខិតខំសន្សំ មិនខ្ជះខ្ជាយ នឹងមានផែនការច្បាស់លាស់ អ្វីដែលជាកត្តាចម្បងនោះ គឺការយល់ចិត្តនឹងការផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ទាំងមុខជំនួញ ទាំងការងារសិល្បៈ៕ វឌ្ឍនា