ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័បំផុតដោយសភាពសព មើលលែងយល់ ចំណែកនារីម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើកក្នុងល្បឿនលឿន ដល់ចំណុចស្តុបបែកជាបួនជ្រុលទៅបុកម៉ូតូពេញទំហឹងអូសជាច្រើនម៉ែត្រ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៥០ នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ នៅចំណុចប៉ុស្តិ៍នគរបាលប្រចាំការ ២៤ ម៉ោងតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយ កែងនឹងផ្លូវសម្ដេចជា ស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ នឿន សាអែម ភេទប្រុស អាយុប្រមាណជាង ២០ ឆ្នាំ ។ ចំណែកនារីរងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ចំណែកតៃកុងរថយន្តមានឈ្មោះ លី ម៉ែងស្រុីភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរអ្នកបើករថយន្តស្នាក់នៅ និងរថយន្ត មានស្រុកកំណើតភូមិពានា ឃុំអំពិលក្រៅ ស្រុស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវនម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងក្បាល ពណ៌ក្រហមពាក់ស្លាកលេខ កំពង់ចាម 3A-8242 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FB-7949ជិះដោយបុរសម្នាក់រួមដំណើរ និងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីទិសដៅពីកើតទៅលិចឆ្លងទៅផ្លូវសម្ដេចជាស៊ីមចំពាក់កណ្ដាលម៉ូតូកិនអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ទ្ទាតចូលកង់រថយន្តខាងក្រោយផ្នែកខាងស្ដាំកិនបែក សាកសពមើលលែងយល់ ។
ចំណែកនារីរងគ្រោះរងរបួសធ្ងន់កិនជាប់ជាមួយនឹងម៉ូតូនៅខាងមុខរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចចាប់ទាញចេញមកក្រៅរួចទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនទុកបណ្តោះអាសន្នទុកប្រគល់ជូនសមត្ថកិច្ចជំនាញ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំធ្វើការស្រាវជ្រាវទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ