មន្រ្តីពេទ្យសត្វល្អិតល្អោចក្នុងខេត្តតាកែវ បានខ្សឹបថា លោក ថៃ លី ប្រធានការិយា ល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ត្រៀមរួចរាល់ហើយ ក្នុងយុទ្ធនាការប៉ុន្មានថ្ងៃខាងមុខ ដើម្បីអនុញ្ញាតឲ្យជ្រូកវៀតណាម នាំចូលតាមបណ្តាច្រកព្រំដែននានា នៅក្នុងខេត្តតាកែវ ដើម្បីបម្រើសេចក្តីត្រូវការក្នុង ឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលឆាប់ៗខាងមុខនេះ។ ប្រសិនបើលោក ថៃ លី មិនអនុញ្ញាតឲ្យឈ្មួញនាំជ្រូក ពីវៀតណាមចូលទេនោះ អាចថានឹងមានការ បាតុកម្មពីអ្នកប្រើប្រាស់សាច់ជ្រូកវៀតណាម ឬត្រូវការជ្រូកវៀតណាមដើម្បីខ្វៃ។ ដូច្នេះ ការដែលលោក ថៃ លី អនុញ្ញាតឲ្យជ្រូកវៀតណាមចូល ដោយមិនត្រួតពិនិត្យសុខភាព គឺជាគុណសម្បត្តិមួយ ដែលក្រសួងកសិកម្ម ក៏ដូចជារាជរដ្ឋាភិបាលត្រូវផ្តល់មេដៃជូន លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តតាកែវ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មិនមែនទើបតែនឹងកើតនៅពេលខាងមុខ នោះទេ ប៉ុន្តែរឿងជ្រូកវៀតណាមនាំចូលមកស្រុកខ្មែរ ដោយមិនត្រួតពិនិត្យសុខភាព គឺបានកើតឡើងពេញទំហឹង នៅក្នុងអំណាចដឹកនាំរបស់លោក ថៃ លី ដែលមានលោក ញឹុប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ជាខ្នងបង្អែក។ បើតាមប្រភពបានអះអាងថា ពួកឈ្មួញជនជាតិវៀតណាមនាំជ្រូករាប់ពាន់ក្បាលក្នុង មួយថ្ងៃៗ ឆ្លងកាត់ព្រំដែនស្រុកគិរីវង់ និង ស្រុកបុរីជលសា ដើម្បីបំពេញសេចក្តីត្រូវការ ក្នុងស្រុក។ ប៉ុន្តែរឿងជ្រូកឈឺ ឬជ្រូកមិនឈឺ គ្មាននរណាត្រួតពិនិត្យនោះឡើយ បើ ទោះបីជាកិច្ចការនេះស្ថិតក្នុងការទទួលខុសត្រូវរបស់លោក ថៃ លី ក៏ដោយ។ ពួកឈ្មួញ វៀតណាមនិយាយថា ដើម្បីសម្រួលដល់ការនាំជ្រូកចូលប្រកបដោយសុវត្ថិភាពមន្ត្រី ពេទ្យសត្វមិនបាច់ព្រួតពិនិត្យអីទេ គឺចាំតែរាប់ចំនួនជ្រូកយកលុយបានហើយ។ បើចាំ ព្រួតពិនិត្យវែងឆ្ងាយ អាចនឹងនាំឲ្យជ្រូកងាប់ តើនរណាទទួលខុសត្រូវ។ ដូច្នេះពួកពេទ្យ សត្វចាំតែរាប់ចំនួនជ្រូក ឬចំនួនរថយន្តដឹកចេញ-ចូល ហើយយកលុយទៅ។
បើតាមប្រភពពីមន្រ្តីពេទ្យសត្វខេត្តតាកែវអះអាងថា មួយថ្ងៃៗជ្រូកនាំចូលពីប្រទេស វៀតណាមរាប់ពាន់ក្បាល ដោយមិនមានការត្រួតពិនិត្យអ្វីឡើយ។ មន្រ្តីពេទ្យសត្វនៅ តាមច្រកព្រំដែន មានភារកិច្ចរាប់រថយន្តដឹកជ្រូកចូល ដើម្បីរាយការណ៍ជូនលោក ថៃ លី ប៉ុន្តែថាតើបានលុយប៉ុន្មាននោះគ្មាននរណាដឹងទេ។ ពួកឈ្មួញបានទាក់ទងជាមួយ លោក ថៃ លី ជិតស្និទ្ធ ដោយមិនឲ្យពួកមន្រ្តីពេទ្យសត្វថ្នាក់ក្រោមបានរស់ផងទេ។ លោក ថៃ លី ត្រូវគេអះអាងថាមិនខ្វល់ ចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋអ្នកទទួល ទានសាច់ជ្រូក ដែលនាំចូលពីប្រទេសវៀតណាមនោះឡើយ។ ជាងនេះទៅទៀតពេទ្យ សត្វថ្នាក់ក្រសួង ក៏ដូចជាអាជ្ញាធរខេត្តតាកែវ ក៏មិនដែនខ្វល់ពីបញ្ហាលោក ថៃ លី នោះ ដែរ។ ភាពស្ងាត់ស្ងៀតរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិបាលខេត្តតាកែវ ធ្វើឲ្យ ប្រជាពលរដ្ឋយល់ថា ថ្នាក់លើទាំងនេះទំនងជាបានទទួលបានលាភសក្ការៈពីលោក ថៃ លី នោះដែរ ទើបបានជាស្ងាត់ស្ងៀមយ៉ាងនេះ៕