ព័ត៌មានទាន់ហេតុការណ៍៖

បើមានការវាយប្រហារលើកក្រោយ​ នឹងមានទាហានអាមេរិក រាប់រយនាក់ស្លាប់

ចែករំលែក៖

ក្រោយពេលដែលអាមេរិក​ប្រកាសថា អ៊ីរ៉ង់ បានបន្ទន់ឥរិយាបថ ភ្លាមៗ​កម្លាំងទាហានអ៊ីរ៉ង់ក៏បានប្រកាសថា ការវាយប្រហារ​កាលពីថ្ងៃទី​៨ ខែមករា គ្រាន់តែជាការចាប់ផ្តើម​ប៉ុណ្ណោះ​ បន្ទាយទាហានអាមេរិក​ទាំងអស់នៅមជ្ឈិមបូព៌ា នឹងបន្តរងការវាយប្រហារ​នាពេលខាងមុខ។

ឧត្តមសេនីយ៍ Ali Hajizadeh មេបញ្ជាការកងទ័ពបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបញ្ជាក់ថា ​​ការវាយប្រហារទៅលើបន្ទាយទាហានអាមេរិក ពីរកន្លែងនៅលើទឹកដីអ៊ីរ៉ាក់ គ្រាន់តែជាការចាប់ផ្តើម ប៉ុណ្ណោះ​ នៅពេលខាងមុខ និងមានការវាយប្រាហារ ទៅលើទីតាំងអាមេរិក នៅទូទាំង តំបន់មជ្ឈិមបូព៌ា​។

ឧត្តមសេនីយ៍​ Ali Hajizadeh បញ្ជាក់ថា អ៊ីរ៉ង់ នៅមានមីស៊ីល​រាប់រយដើម​ត្រៀមវាយប្រហារ នៅពេលចាំបាច់។ មេទ័ពអ៊ីរ៉ង់ បន្តទៀតថា​ អ៊ីរ៉ង់មិនមានគម្រោង​សម្លាប់ទាហានអាមេរិក ណាមួយនោះឡើយ​កាលពីថ្ងៃទី​៨ ខែមករា​ ការវាយប្រហារនោះគឺសម្តៅទៅលើសម្ភារៈយោធា អាមេរិក​ ក្នុងនោះប្រព័ន្ធបញ្ជារយន្តហោះគ្មានមនុស្សបើក​។​ប៉ុន្តែបើអាមេរិកវាយបកវិញនោះ​​ ការវាយប្រហារលើកក្រោយ នឹងសម្លាប់ទាហានអាមេរិកជាមិនខាន។

សារព័ត៌មាន​ Fars ​បានដកស្រង់សម្តីឧត្តមសេនីយ៍​ Ali Hajizadeh បញ្ជាក់ទៀតថា​«យើងបានត្រៀមមីស៊ីលរាប់ពាន់ដើម​ សម្រាប់វាយប្រហារ តបតបើអាមេរិក វាយបកមកលើអ៊ីរ៉ង់វិញ​នោះ»។

ចំណែកប្រធានាធិបតីអ៊ីរ៉ង់វិញ ក៏បានព្រមាន​អាមេរិកថា​​នឹងទទួលរងការវាយប្រហារ​ដ៏គ្រោះថ្នាក់ ប្រសិនបើ អាមេរិក នៅតែបន្តវាយប្រហារ សម្លាប់មន្ត្រីយោធាអ៊ីរ៉ង់​។

ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ បានលើកយកការសម្លាប់មេទ័ពអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) មកធ្វើជាប្រធានបទ នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។

ក្នុងការជួបជុំជាមួយក្រុមអ្នកគាំទ្រនៅទីក្រុង ថូឡេដូ (Toledo) នៃរដ្ឋអូហៃយ៉ូ (Ohio) លោក ដូណាល់ ត្រាំ បានចំណាយពេលយ៉ាងយូរ និយាយការពារការចេញបញ្ជារបស់លោក ឲ្យសម្លាប់លោក Soleimani ហើយច្រានចោទការរិះគន់ពីបក្សប្រជាធិបតេយ្យដែលថា លោកបានធ្វើលើសពីអំណាចខ្លួន តាមរយៈការបង្គាប់ឲ្យយោធាអាមេរិក ប្រើយន្តហោះដ្រូនវាយប្រហារផ្តាច់ជីវិត មេដឹកនាំកងអង្គភាពពិសេស Quds របស់យោធាអ៉ីរ៉ង់រូបនេះ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់ កាលពីមួយសប្តាហ៍មុន។ លោក ត្រាំ បាននិយាយថា ការសម្រេចចិត្តរបស់លោកបានជួយសង្រ្គោះជីវិតពលរដ្ឋអាមេរិក ហើយវាគឺជារឿងយុត្តិធម៌បំផុត។

គួរជម្រាបថា ការសម្លាប់លោក Soleimani បានធ្វើបង្ខំឲ្យអ៉ីរ៉ង់បាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋានយោធាចំនួនពីរកន្លែងនៅអ៉ីរ៉ាក់ ដែលមានកងទ័ពអាមេរិកឈរជើង ប៉ុន្តែពុំបានបង្កឲ្យកងទ័ពអាមេរិក ឬនរណាផ្សេងបាត់បង់ជីវិតឡើយ។ ខណៈលោក ត្រាំ ធ្លាប់បានព្រមានថា អាមេរិកវាយប្រហារលើទីតាំងរហូតដល់ ៥២កន្លែងរបស់អ៉ីរ៉ង់ ប្រសិនបើអ៉ីរ៉ង់ហ៊ានសងសឹកចំពោះការសម្លាប់លោក Soleimani ក៏ដោយ ក្រោយការបាញ់មីស៊ីលនោះ លោកបានត្រឹមប្រកាសថា នឹងដាក់ទណ្ឌកម្មបន្ថែមលើអ៉ីរ៉ង់ប៉ុណ្ណោះ ព្រោះតែវាមិនបានបង្កឲ្យមានមនុស្សស្លាប់។

នៅពេលនេះដែរសភាអាមេរិក កាលពីថ្ងៃទី៩ ខែមករា ​បានបោះឆ្នោត តាមបណ្តាជួរបក្ស ដើម្បីអនុម័តលើដំណោះស្រាយសង្គ្រាម ដើម្បីកំណត់ពីអំណាចរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការចាត់វិធានការយោធា​ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

លោកស្រី Nancy Pelosi ប្រធានសភាអាមេរិក បានថ្លែងថា​ ការបោះឆ្នោតកំណត់អំណាចរបស់ប្រធានាធិបតីនេះ គឺជាការចាំបាច់ណាស់ ហើយសកម្មភាពនេះ បានកើតឡើង បន្ទាប់ពីកងទ័ពអាមេរិក បានបើកការវាយប្រហារ ​ដោយយន្ដហោះ គ្មានមនុស្សបើកបរ សម្លាប់មេទ័ពកំពូល​របស់អ៊ីរ៉ង់ លោក Qessem Soleimani ។ រីឯសារគំរាមកំហែងជាបន្ដបន្ទាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឲ្យមានការប៉ះទង្គិចគ្នាបែបនេះ។

ការបោះឆ្នោតនេះ មានចំនួន២២៤ ដោយគាំទ្រ ១៩៤ ហើយអនុប្បវាទជាច្រើនទៀត។ រីឯគណបក្សសាធារណរដ្ឋ បានបោះឆ្នោតគាំទ្រ និងគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតប្រឆាំង។​ ចំណែកសមាជិកសភាមកពីបក្សសាធារណរដ្ឋខ្លះ បាន និយាយថា លោក Trump មានហេតុផលត្រឹមត្រូវ ក្នុងការសម្លាប់មេបញ្ជាការ Quds លោកឧត្ដមសេនីយ៍​ Qessem Soleimani មេទ័ពកំពូលរបស់ប្រទេសអ៊ីរ៉ង់។

តំណាងរាស្រ្ដមកពីគណបក្សសាធារណរដ្ឋខ្លះ បានថ្លែងថា មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក Qessem Soleimani ជាមេភេរវករ ហើយគាត់ត្រូវតែទទួលខុសត្រូវលើការសម្លាប់កងទ័ពអាមេរិក និងសម្ពន្ធមិត្ត រាប់រយនាក់ នៅក្នងប្រទេសអ៊ីរ៉ាក់ និងតំបន់មជ្ឈិមបូព៌ា។ ក្រៅពីនេះ មេទ័ពកំពូលរបស់អ៊ីរ៉ង់រូបនេះ ក៏ជាអ្នករៀបចំគម្រោង​​វាយប្រហារមកលើអាមេរិកផងដែរ។ ដូច្នេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ មានហេតុផលត្រឹមត្រូវ ក្នុងការសម្លាប់លោក Qessem Soleimani ។

ការបង្កើតច្បាប់ខាងលើរបស់សភា ព្យាយាមកំណត់អំពីសមត្ថភាពរបស់កងទ័ពអាមេរិក ដើម្បីរារាំងដល់សកម្មភាពរបស់ក្រុមភេរវករ ដែលគាំទ្រដោយអ៊ីរ៉ង់ និងជំរុញឲ្យប្រធានាធិបតីការពារអាមេរិក និងផលប្រយោជន៍របស់អាមេរិក ទាំងនៅក្នុងតំបន់ ដែលរងនូវការគំរាមកំហែងផងដែរ។

កងទ័ពអាមេរិក បានបើកការវាយប្រហារតាមយន្ដហោះគ្មានមនុស្សបើកបរ សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក Qassem Soleimani កាលពីថ្ងទី៣ ខែមករា ឆ្នាំ២០២០ នៅជិតអាកាសយានដ្ឋានអន្តរជាតិបាដាដ តាមបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ មេទ័ពរូបនេះ ត្រូវបានអាមេរិក​ចាត់ទុកថា ជាមេភេរវកររបស់ពិភពលោក។ ប៉ុន្ដែក្រោយពេលសម្លាប់មេទ័ពខាងលើនេះ បានតែរយៈពេល៥ថ្ងៃ អ៊ីរ៉ង់ក៏បានវាយប្រហារសងសឹកទៅលើមូលដ្ឋានកងទ័ពរបស់អាមេរិកចំនួន២កន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់៕


ចែករំលែក៖