ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តបែកកង់រេចង្កូតបុកម៉ូតូ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តឡុចស៊ីស៣៣០បែកកង់មុខនៅវេលាម៉ោង៧ និង៣៥ នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចស្ពានទី២ ស្ថិតក្នុងភូមិ១សង្កាត់ព្រះពន្លា ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា៖មុនពេលកើតហេតុមានរថយន្តម៉ាឡុចស៊ីស១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ.8959 អ្នកបើកបរមិនស្គាត់អត្តសញ្ញាណរត់គេខ្លួនបាត់ បានធ្វើដំណើរ ពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ រថយន្តបែកកង់បានេរចង្កូតទៅខាងឆ្វេងដៃ បុកម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខប.មានជ័យ 1I.9223 បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ និងអ្នកដំណើររងរបួសធ្ងន់ ។ ជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះនោះដែរ ។

គួរបញ្ជាក់ថា៖ក្នុងរយៈពេល២ថ្ងៃនេះ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មាននុស្សស្លាប់ចំនួន២នាក់ និងរបួសធ្ងន់ចំនួន២នាក់ជាបន្តបន្ទាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តបុកម៉ូតូ ។ ប្រជាពលរដ្ឋ បានសំណូមពរដល់កម្លាំងនគរបាលចរាចរណ៍ ឲ្យធ្វើការរឹតបន្តឹងខាងច្បាប់ចរាចរណ៍ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យគាត់គោរពច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តបន្ទាយមានជ័យនេះ ៕ វណ្ណា


ចែករំលែក៖