ព័ត៌មានទាន់ហេតុការណ៍៖

ជនល្មើស២នាក់ រួមនឹងថ្នាំញៀនជាង៩គីឡូក្រាម ត្រូវសមត្ថកិច្ច បង្ក្រាប នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មេក្លោងជួញដូរគ្រឿងញៀន២នាក់ ព្រមទាំងដកហូតសារធាតុញៀន មេតំហ្វេតាមីន (ICE) ទម្ងន់៩.៦គីឡូក្រាម, រថយន្ត២គ្រឿង, ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំចំនួន២គោលដៅ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវទំនប់កប់ស្រូវ ភូមិសំរោងក្រោម សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងនៅចំណុចភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានដដែលបានអះអាងថា ការបង្ក្រាបនេះធ្វើឡើងក្រោយទទួលបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន។

មន្ដ្រីខាងលើបានបន្ថែមថា ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១៖ឈ្មោះ គឹម វ៉ា និងទី២៖ឈ្មោះ កែវ សុធា ព្រមទាំងដកហូតសារធាតុញៀន មេតំហ្វេតាមីន (ICE) ទម្ងន់៩.៦គីឡូក្រាម, រថយន្ត២គ្រឿង, ជញ្ជីងថ្លឹង២គ្រឿង និងទូរស័ព្ទ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕សហការី


ចែករំលែក៖