ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្លន់មួយក្រុម ប្រើដំបង ខ្សែក្រវាត់ ដេញស្ទាក់វាយប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ព្រោះជនរងគ្រោះដកកូនសោរត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្លន់មានគ្នាប្រមាណជាង១០នាក់ ប្រដាប់ដោយដំបង ខ្សែក្រវាត់ បានធ្វើសកម្មភាពដេញស្ទាក់វាយប៉ុនប៉ងប្លន់យកម៉ូតូ ពីយុវជន២នាក់ ខណៈដែលកំពុងជិះម៉ូតូត្រឡប់មកពីមើលសាច់ញាតិនៅមន្ទីរពេទ្យវិញ ប៉ុន្តែមិនបានសម្រេច ដោយសារជនរងគ្រោះ ដកកូនសោម៉ូតូរត់គេចខ្លួន ។

ករណីប្លន់ខាងលើនេះ បានកើតទ្បើងកាលពីវេលា ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅស្តុបណូគា លើផ្លូវលេខ២៧១ កែងផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីយុវជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង២នាក់ ទើបតែជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1O-2527 ចេញមកពីមើលក្រុមគ្រួសារ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្សី រួចគោលបំណងត្រទ្បប់ទៅផ្ទះ នៅខណ្ឌសែនសុខ ។ លុះជិះឌុបគ្នា តាមផ្លូវលេខ២៧១ ពីត្បូងទៅជើង មកដល់ចំណុចខាងលើ ស្រាប់តែលេចមុខក្រុមជនសង្ស័យប្រមាណជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដំបង ;ខ្សែក្រវាត់ ដេញតាមពីក្រោយស្ទាក់វាយ ពេលនោះដោយសារតែភ័យពេក ក៏ដកសោម៉ូតូរត់គេចខ្លួនបាត់ទៅ ។

ប្រភពដដែលបន្តថា ភ្លាមៗនោះក្រុមជនសង្ស័យខឹងជនរងគ្រោះ ក៏បានស្ទុះទៅវាយម៉ូតូនិងកាច់ផ្លាកលេខបំបាក់ចោល ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អម កំពុងល្បាតមកជួយធ្វើអន្តរាគមន៍ ពេលនោះក្រុមជនសង្ស័យភ័យក៏នាំគ្នារត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុ យុវជនរងគ្រោះទាំង២នាក់ ព្រមទាំងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹង និងសាកសួរបន្ថែម ដើម្បីកំណត់មុខសញ្ញាស្រាវជ្រាវ តាមចាប់ក្រុមជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕ចន្ទ លីហ្សា


ចែករំលែក៖