ភ្នំពេញ៖ បុរសម្នាក់បើករថយន្តជែងរថយន្ត១គ្រឿងបានជ្រុលទៅបុកបុរសម្នាក់ កំពុងបណ្ដើរម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបន្តបុកបង្គោលស្លាកលេខផ្លូវ និងម៉ូតូមួយគ្រឿងទៀត ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ១១ និង៤០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ បើកម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហាហ្វីណូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AS-6729 ទើបចេញពីធ្វើម្ហូបនៅភោជនីយដ្ឋានលាភមង្គល បំណងជិះត្រទ្បប់ទៅផ្ទះ នៅឯក្បែរវត្តនាគវ័ន្ត ដោយធ្វើដំណើរបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងពីលិចទៅកើត ។ ខណ:មកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូអស់សាំង រួចប្តីប្រពន្ធទាំងពីរនាក់ បាននាំគ្នាចុះបណ្តើរម៉ូតូ មួយសន្ទុះក្រោយមកហេតុ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-0591 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស ២នាក់ទៀត ធ្វើដំណើរស្របទិសគ្នា យ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូត ទៅបុកបុរសជាប្តី កំពុងបណ្ដើរម៉ូតូ នៅចិញ្ចើមផ្លូវចំពេញទំហឹង បណ្ដាលឲ្យខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ ។
ចំណែករថយន្តបង្ក មិនទាន់អស់ល្បឿនបានជ្រុលលើខឿនចិញ្ចើមផ្លូវ ទៅបុកបង្គោលដែកស្លាកលេខផ្លូវដាច់ធ្លាក់អស់មួយបង្គោល និងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GM-4486 ដែលឈប់ចតស្ងៀមនៅលើខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យកៀបជាប់ក្រោមរថយន្ត និងបុកជញ្ជាំងចំណតរង់ចាំរថយន្តក្រុង បែកបាក់អស់មួយផ្ទាំង ។
ភ្លាមៗនោះ រថយន្តសង្គ្រោះបន្ទាន់ បានចុះមកដល់ ដឹកយកបុរសរងគ្រោះ ទៅមន្ទីរពេទ្យផងដែរ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យកម៉ូតូទាំងពីរគ្រឿង និងរថយន្តបង្ក រួមទាំងអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ