សហគមន៍អន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ដល់អ៊ីរ៉ង់ដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ។ មិនត្រឹមតែសហគមន៍អន្តរជាតិ ពលរដ្ឋអ៊ីរ៉ង់ អារម្មណ៍ ខឹងសម្បារ និងខកចិត្ត បានផុសឡើងនៅអ៊ីរ៉ង់ នៅពេលបានឮអាជ្ញាធរប្រកាសថា យន្តហោះអ៊ុយក្រែនធ្លាក់ដោយសារគ្រាប់មីស៊ីលដែលយោធាបាញ់ច្រឡំ។ ការប្រមូលផ្តុំ ឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ របស់ក្រុមសិស្សនិស្សិតអ៊ីរ៉ង់ ក៏បានក្លាយជាចលនាបាតុកម្ម តាមដងផ្លូវ។ ប្រធានាធិបតីអាមេរិកបានព្រមានរដ្ឋាភិបាលអ៊ីរ៉ង់ភ្លាម ថាអាមេរិកនឹងមិនអនុញ្ញាតឱ្យមានការបង្ក្រាបសម្លាប់រង្គាលមួយទៀតលើបាតុករបានឡើយ។
រដ្ឋាភិបាលអ៊ីរ៉ង់រងសម្ពាធខ្លាំងបំផុត និងមកពីគ្រប់ទិសទី ! លោក ដូណាល់ ត្រាំ បានព្រមាននៅល្ងាចមិញ ថាមិនអាចមានការសម្លាប់រង្គាលមួយទៀត នៅអ៊ីរ៉ង់ លើក្រុមបាតុករសន្តិនិយមបានឡើយ ហើយមិនត្រូវមានការកាត់ផ្តាច់អ៊ីនធ័រនែតទៀត ដូចអ្វីដែលធ្លាប់កើតឡើងម្តង កាលពីខែវិច្ឆិកាឆ្នាំ២០១៩បានដែរ។ ពិភពលោកកំពុងផ្តោតចក្ខុលើអ៊ីរ៉ង់ ! នេះជាការសារទ្វីតរបស់លោកប្រធានាធិបតីអាមេរិក។
នៅល្ងាចថ្ងៃសៅរ៍ទី ១១មករា សិស្សនិស្សិតអ៊ីរ៉ង់ជាច្រើនសិបរយនាក់ បានមកជួបជុំគ្នារៀបចំពិធីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ១៧៦នាក់ ស្លាប់ក្នុងគ្រោះធ្លាក់យន្តហោះដែលយោធាអ៊ីរ៉ង់បាញ់ច្រលំ កាលពីថ្ងៃពុធ។ ការប្រមូលផ្តុំ នៅសកលវិទ្យាល័យដ៏ល្បីល្បាញ ប្រចាំក្រុងតេហេរ៉ង់ បានប្រែក្លាយយ៉ាងឆាប់រហ័សទៅជាចលនាបាតុកម្មចងកំហឹង។
ក្រោយការបាញ់ប្រហារច្រឡំទៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ពលរដ្ឋអ៊ីរ៉ង់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅទីក្រុងធំៗ ទូទាំងប្រទេសអ៊ីរ៉ង់ ។ កម្លាំងប្រឆាំងបាតុកម្មអ៊ីរ៉ង់បានប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។ នៅពេលនោះដែរអាមេរិកបានព្រមានអ៊ីរ៉ង់មិនត្រូវ បាញ់ប្រហារទៅលើហ្វូងបាតុករនោះឡើយ ។
ក្រុមបាតុករអ៊ីរ៉ង់បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ទៅលើថ្នាក់ដឹកនាំ និងកម្លាំងយោធាប្រទេសដែល ដែលបានបាញ់ច្រឡំទៅលើយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនសម្លាប់មនុស្ស១៧៦នាក់ ក្នុងនោះមានជនជាតិអ៊ីរ៉ង់ដល់ទៅ៨២នាក់។
សារព័ត៌មាន Etemad របស់អ៊ីរ៉ង់បានស្រង់សម្តីក្រុមបាតុករ បញ្ជាក់ថា«សុំទោសពលរដ្ឋហើយលាលែងពីតំណែង»។ ពលរដ្ឋអ៊ីរ៉ង់បានស្នើដល់អ្នកទទួលខុសត្រូវ ចំពោះការបាញ់ប្រឡំ យន្តហោះដឹកអ្នកដំណើរត្រូវលាលែងចេញពីតំណែង។ បាតុកម្មកើនឡើងក្រោយពេលដែល រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសទទួលស្គល់ថា ពិតជាកម្លាំងទាហានអ៊ីរ៉ង់បាញ់ច្រឡំម៉ែន។ សកម្មភាពខាងលើ បានធ្វើឲ្យពលរដ្ឋអ៊ីរ៉ង់បាត់បង់ទំនុកចិត្តទៅលើថ្នាក់ដឹកនាំ ។
កាលពីខែវិច្ឆិកាឆ្នាំ២០១៩ ក៏មានបាតុកម្មទ្រង់ទ្រាយធំនៅអ៊ីរ៉ង់ ប្រែក្លាយទៅជាអំពើហិង្សា បណ្តាលឲ្យបាតុករជាច្រើនស្លាប់។ នៅពេលនេះបាតុកម្មក៏បានផ្ទុះឡើងនៅទីក្រុងធំៗជាច្រើនដូចជា Shirraz, Isfahan, Hamedan ,Orumiye និងតេអ៊ីរ៉ង់ផងដែរ ។ប្រធានាធិបតីដូណាលត្រាំ បានប្រកាសនៅលើបណ្តាញសង្គមថា អាមេរិក តាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការធ្វើបាតុកម្មនៅអ៊ីរ៉ង់។ ជាមួយគ្នានេះលោកក៏បានព្រមានដល់រដ្ឋាភិបាល មិនត្រូវប្រើហិង្សាលើបាតុកម្មនោះឡើយ។
យន្តហោះ Boeing 737-800 នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅវេលាព្រឹកព្រហាមថ្ងៃពុធសប្ដាហ៍មុន ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៦គ្រាប់លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់។
ភ្លាមៗនោះដែរ ក្រោយសោកនាដកម្មដ៏អាក្រក់នេះកើតឡើង អាជ្ញាធរអ៉ីរ៉ង់បានអះអាងថា យន្ដហោះនេះធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស ក្រោយហោះឡើងបានបន្តិច ចេញពីអាកាសយានដ្ឋានទីក្រុងតេហេរ៉ង់។ ប៉ុន្តែក្រោយមកទៀតរដ្ឋាភិបាលអ៉ីរ៉ង់ បានទទួលស្គាល់ថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ដោយអចេតនា ជាហេតុបង្កឱ្យមានការថ្កោលទោស យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ រីឯបាតុកម្មតវ៉ានៅក្នុងប្រទេសក៏បានផ្ទុះឡើងទៅទៀត ដើម្បីសម្ដែងការខឹងសម្បារចំពោះការកុហកនេះ។
ជាក់ស្ដែងនៅក្នុងវីដេអូបង្ហោះលើ Twitter បាតុករមួយក្រុម បានស្រែកទាមទារឱ្យមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) និងខ្លះទៀតស្រែកជេរប្រទេចរដ្ឋាភិបាលតែម្ដងថា «ពួកគេ (រដ្ឋាភិបាលអ៉ីរ៉ង់) បានកុហុកថា សត្រូវរបស់យើងគឺជាអាមេរិក ប៉ុន្តែតាមការពិតសត្រូវរបស់ពួកយើង គឺកំពុងតែនៅចំពោះមុខយើងសោះ»៕