ព័ត៌មានទាន់ហេតុការណ៍៖

ករណីប្រចណ្ឌស្នេហ៍ភេទដូចគ្នា ហើយងប់ងល់នឹងល្បែង ធ្វើឲ្យម្តាយបង្កើតតារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា ក្លាយជាឃាតកសម្លាប់ស្ត្រីជាគូស្នេហ៍

ចែករំលែក៖

ភ្នំពេញ៖ ករណីម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយសង្ស័យថាបានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ ជាអ្នកចងការប្រាក់នៅខណ្ឌមានជ័យនេះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅពីក្រោយករណីឃាតកម្មដ៏សាហាវនេះ ត្រូវបានគេទម្លាយថា ជនសង្ស័យ និងជនរងគ្រោះមានទំនាក់ទំនងស្នេហាភេទដូចគ្នាជាយូរ ឆ្នាំ ហើយករណីនេះទំនងជាការប្លន់សម្លាប់ក្រោយពីជនសង្ស័យងប់នឹងល្បែងស៊ីសងខ្លាំងពេក ។

លោក អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមករា ជនសង្ស័យគឺជាអ្នកទំនាក់ទំនងទៅកាន់សមត្ថកិច្ចផ្ទាល់រាយការណ៍ពីករណីស្លាប់នេះដោយ ស្ត្រីជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ បានរាយការណ៍ថា ជាករណីខ្យល់គរស្លាប់ ប៉ុន្តែតាមមន្ត្រីបច្ចេកទេសកោសល្យវិច័យមូលហេតុគឺរកឃើញថា សពត្រូវបានស្លាប់ដោយសារថបដង្ហើមរហូតមានការសង្ស័យហើយចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ ។ ជនរងគ្រោះឈ្មោះងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់កាហ្វេនៅម្តុំផ្សារដេប៉ូ ។

តាមការសួរចម្លើយ និងការធ្វើត្រាប់នៅកន្លែងកើតហេតុគឺជាករណីឃាតកម្មដោយយកខ្នើយ និងកន្សែងសង្កត់ពីលើមុខរហូតថប់ដង្ហើមរហូតដលដាច់ខ្យល់ស្លាប់ ។ ក្រោយនាំជនសង្ស័យទៅធ្វើត្រាប់នៃកម្មភាពសម្លាប់នៅកន្លែងកើតហេតុមុនពេលបញ្ជូនទៅធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌមានជ័យខណៈផ្ទះកើតហេតុត្រូវបានបិទបណ្តោះអាសន្ន ។ មន្ត្រីសមត្ថកិច្ចបញ្ជាក់ថា តាមការឆ្លើយសារភាព ជនសង្ស័យ និងជនរងគ្រោះគឺជាគូស្នេហ៍នឹងគ្នាដែលផ្តើមពីការប្រចណ្ឌ និងការសួរនាំរឿងបាត់ចិញ្ចៀនពេជ្រចំនួន២វង់ដែលជនរងគ្រោះទិញឲ្យ រហូតតឹងសរសៃកដាក់គ្នា ឈានដល់ជនដៃដល់ចាប់ចងជនរងគ្រោះដែលមានសភាពស្រវឹងរួចយកខ្នើយ និងកន្សែងផ្ទប់មុខរហូតដាច់ខ្យល់ស្លាប់ ។

ប្រភពទម្លាយក្រៅផ្លូវការបានបញ្ជាក់ថា ជនសង្ស័យក៏ជាជនដែលញៀននឹងល្បែងស៊ីសងជោកជាំ ហើយក៏ជាមូលហេតុមួយដែលនាំឲ្យមានជម្លោះនេះផងដែរ ។

ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារមានការសោកស្តាយយ៉ាងខ្លាំង ។

កម្លាំងនគរបាលភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យបានចុះទៅដល់ទីតាំងកើតហេតុជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថបដង្ហើមគឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់ ។ ទោះជាយ៉ាងណា នៅមិនទាន់អាចទាក់ទងស្វែងរកការបញ្ជាក់ ឬមានប្រតិកម្មណាមួយពីសំណាក់តារាចម្រៀង ពេជ្រ សូលីកា នៅឡើយទេ ថាជនសង្ស័យគឺជាម្តាយបង្កើតរបស់នាងមែន ដូចការលើកឡើងនោះដែរ យ៉ាងណាខណៈដែលគេដឹងថា ពេលនេះនាងបាននឹងកំពុងពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយគូដណ្តឹង ។

គួរបញ្ជាក់ដែរថា ស្ត្រីជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមករា ក្រោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ នៅខណ្ឌមានជ័យ កាលពីរាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បណ្តាលយឲ្យបាត់បង់ជីវិតដែលករណីនេះ ស្ថិតនៅក្នុងបុរីមួយកន្លែងក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ហេតុការណ៍នេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ។

ស្រ្តីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់កាហ្វេនៅម្តុំផ្សារដេប៉ូ ក្រោយពីធ្វើកោសល្យវិច័យរួចសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខណៈជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕ វឌ្ឍនា


ចែករំលែក៖