ប្រភពពីប្រជាពលរដ្ឋនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញច្រើននាក់នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឡង់ ក្នុងមូលដ្ឋានពួកគាត់ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់រថយន្តកូរ៉េ និងគោយន្តកន្ត្រៃ ដឹកជញ្ជូនឈើចេញពីចំណុចភូមិស្រែប្ញស្សី ឃុំទំរីង ឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការបរិស្ថានយ៉ាងរលូនគ្មានញញើតអ្វីឡើយ។ តាមការអះអាងពីប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងឃុំទំរីង ស្រុកសណ្តាន់ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកសណ្តាន់ ទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើចេញពីស្រុកសណ្តាន់បានទេ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំទំរីង បានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើដឹកអុសបន្តិចបន្តួចត្រូវមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបដោយគ្មានយោគយល់ឡើយ។ ប៉ុន្តែនៅពេលដែលឈ្មួញប្រើប្រាស់រថយន្តកូរ៉េ និងគោយន្តកន្ត្រៃដឹកជញ្ជូនឈើចេញពីព្រៃឡង់ យ៉ាងគគ្រឹកគគ្រេងមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសណ្តាន់ ដែលជាបក្ខពួកលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ចាត់វិធានការបង្រ្កាបទាល់តែសោះ។ ទន្ទឹមនឹងនេះក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់បានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្រ្តីរដ្ឋបាលព្រៃឈើក្រោមការគ្រប់គ្រងរបស់លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងរលូន។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា ចាប់តាំងពីលោក ប៊ុន សុធី ចូលកាន់តំណែងជាមេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជំនួសលោក តឹប ញាតា រួចមកគឺបទល្មើសដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់នៅតែកើតឡើងយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ក៏ជាអ្នកឃុបឃិតឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យ៉ាងមហន្តរាយផងដែរ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ លើសនេះទៅទៀត គឺលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ព្រោះឈ្មួញធំៗសុទ្ធតែយកលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ធ្វើជាបង្អែកយ៉ាងរឹងមាំដើម្បីឲ្យអាជីវកម្មរបស់ពួកគេដំណើរការយ៉ាងសុខស្រួល៕