ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស៊េរីទំនើបនាំចូលតាមច្រករបៀងគេចពន្ធត្រូវកម្លាំងការិយាល័យគយបង្ក្រាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូស៊េរីទំនើបជាង២០គ្រឿងគេចពន្ធ លួចនាំចូលតាមច្រករបៀងខុសច្បាប់ ត្រូវបានមន្ត្រីគយការិយល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ គល់ស្ពានទឹកថ្លា បង្ក្រាប តែរងការរិះគន់ថា បង្ក្រាប គ្មានតម្លាភាព ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០ នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពកម្មករលើកម៉ូតូបានឲ្យដឹងថា ក្រុមមន្ត្រីគយការិយល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ គល់ស្ពានទឹកថ្លា សហការជាមួយកម្លាំង PM ចុះបង្ក្រាបទៅលើតូបលក់ម៉ូតូចំនួន៣កន្លែង បានម៉ូតូស៊េរីទំនើបចម្រុះ ចំនួន២៣គ្រឿង ត្រូវបានបញ្ជូនទៅកាន់ការិយល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៅក្បែរគល់ស្ពានទឹកថ្លា ទីរួមខេត្តបន្ទាយមានជ័យ ។

ក្នុងការចុះប្រតិការបង្ក្រាបម៉ូតូគេចពន្ធខាងលើ អាជីវករបានធ្វើការរិះគន់ទៅក្រុមមន្ត្រីគយទាំងនោះថា ការអនុវត្តគ្មានតម្លាភាព ដោយស្តង់ និងតូបលក់ម៉ូតូជាច្រើនកន្លែងទៀត មន្ត្រីទាំងនោះមិនបង្ក្រាបនោះឡើយ ។

អាជីវករទាំងនោះបានឲ្យដឹងថា ម៉ូតូរត់ពន្ធដែលលក់ដូរនៅក្នុងក្រុងប៉ោយប៉ែត មិនមែនមានតែកន្លែងពួកគេនោះឡើយ គួរតែក្រុមមន្ត្រីទាំងនោះ ចុះបង្ក្រាបកន្លែងផ្សេងៗទៀត ឲ្យស្មើភាពគ្នា ។

លោក ឈួន សុធាសុវណ្ណរី មន្ត្រីគយការិយល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៅគល់ស្ពានទឹកថ្លា បានឲ្យដឹងថា ម៉ូតូដែលបង្ក្រាបនេះ គឺជាម៉ូតូរត់ពន្ធ ដែលអាជីវករឃុបឃិតជាមួយឈ្មួញ លួចនាំចូលតាមច្រករបៀងខុសច្បាប់។

ប្រភពបន្តថា ម៉ូតូទាំងនេះ ត្រូវបានមន្ត្រីគយបង្ក្រាបយកមករក្សាទុកទុកនៅ ការិយល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៅគល់ស្ពានទឹកថ្លា ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ ហើយចំពោះការរិះគន់ថាបង្ក្រាបមិនមានតម្លាភាពនោះ លោកថា មកពីមន្ត្រីរបស់លោកមានគ្នាតិច ហើយនឹងបង្ក្រាបជាបន្តបន្ទាប់ ហើយកាលណាមន្ត្រីបង្ក្រាបគឺមិនដែលត្រូវចិត្តពួកឈ្មួញនោះឡើយ ៕ វណ្ណា


ចែករំលែក៖