ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន១៤ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន២៩២ គ្រួសារ រស់នៅក្នុងភូមិចំនួន៧ ឃុំ និងសង្កាត់ចំនួន២ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
នាយក ប្រតិបត្តិសាខាខេត្តស្ទឹងត្រែង បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ខេត្តស្ទឹងត្រែង បានទទួលអណ្តូងទឹកស្អាតសរុបចំនួន ១៥២អណ្តូង ពីកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ក្នុងស្រុកគោលដៅចំនួន ៥ មានស្រុកសៀមប៉ាង ស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ ក្រុងស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ ទើបនឹងបង្កើតថ្មី ក្នុង១១ឃុំ/សង្កាត់ ស្មើនឹង ៣៧ ភូមិ មានប្រជាពលរដ្ឋទទួលផលចំនួន ៣.១២៩ គ្រួសារ ស្មើនឹង ១៦.៥៥១ នាក់។
លោកនាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវក្តីរំភើបរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។
ក្នុងឱកាសនោះដែរ លោក វេជ្ជបណ្ឌិត ក៏បាននាំយកអាវយឺតរបស់ សាខា ព្រម ទាំង សារុង និង ថវិកា មួយ ចំនួនជារបស់កាកបាតក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរួមក្នុងពិធីនោះផងដែរ ។
ក្នុងឱកាសនោះវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក និងការគិតគូពីសុខុមាលភាពរបស់ លោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឱ្យបានល្អ ជាពិសេសក្នុងរដូវក្តៅនេះ ត្រូវពិសាទឹកដាំពុះ សម្អាតបរិស្ថាន ដើម្បីបង្ការជំងឺដម្កាត់ផ្សេងៗ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទាំងទឹកស្អាត និងទឹកកសិកម្ម ទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដោយសារតំបន់ខ្លះអាចប្រឈមនឹងគ្រោះរាំងស្ងួត និងរួមគ្នាថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាត ទាំងនេះឲ្យបានគង់វង្សយូរអង្វែងតទៅ ៕ មាស សុផាត