ភ្នំពេញ៖ នារីម្នាក់បើករថយន្តតូយ៉ូតាព្រូស១គ្រឿង បោះពួយយ៉ាងលឿន ក្នុងស្ថានភាពស្រវឹង មិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ ដាច់កង់ទៅមុខលែងរួច។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបR6 តាមបណ្តោយផ្លូវR6 កែងនិងផ្លូវR5 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ បើកបររថយន្ត១គ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-1815 ដោយមានរួមដំណើរជាមួយមិត្តភក្ដិប្រុសស្រីចំនួន ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវR6 ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបួងចង្កូតបត់ស្តាំទៅផ្លូវR5 ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តហោះឡើងទៅកល់ជាប់ពីលើខឿនទ្រូងផ្លូវ ទៅមុខលែងរួច។
ភ្លាមៗនោះ អ្នកបើករថយន្ត បានហៅប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ និងអ្នកឈប់ចោមរោមមើល ឲ្យជួយរុញរថយន្តចេញពីលើខឿន។
ភ្លាមៗនោះ ក៏មានសន្តិសុខដែលមើលការខុសត្រូវ នៅក្នុងតំបន់បឹងកក់ បានមកអន្តរាគមន៍ ដោយសារតែផ្លូវ គឺជាកម្មសិទ្ធិឯកជន។
បន្ទាប់ពីកើតហេតុ ក៏មានដំណាងភាគីខាងអ្នកបើករថយន្តបង្ក បានចូលខ្លួនមកដោះស្រាយ ដោយយល់ព្រមជួសជុលខឿនផ្លូវទ្បើងវិញ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕ ជ្រោយពេជ្រ