ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចិត្តធម៌ម្នាក់ឃើញស្ត្រីក្រីក្រឈឺពោះពាក់កណ្ដាលផ្លូវ ជួយសង្គ្រោះរហូតឆ្លងទន្លេផុតពីគ្រោះថ្នាក់ទាំងម្ដាយ និងកូន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីពោះធំមានជីវភាពក្រីក្រម្នាក់ ខណៈដើរបានពាក់កណ្ដាលផ្លូវឈឺពោះស្រែកហៅអ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់បង្កការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះរហូតឆ្លងទន្លេបានជោគជ័យ និងអ្នកភូមិជួយដឹកមកកាន់មណ្ឌលសុខភាពមេសថ្ងក ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមស្ត្រីចិត្តធម៌មានឈ្មោះ ស្រីពៅ ដែលឃើញហេតុការណ៍ និងជួយមិនខ្លាចនឿយហត់បានឲ្យដឹងថា ស្ត្រីក្រីក្រនេះមានឈ្មោះ ហ៊ាន សាវឿន អាយុ២៩ មុខរបរកសិករ រស់ក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា មុនកើតហេតុ គាត់ឃើញស្ត្រីខាងលើដើតែម្នាក់ឯងតាមផ្លូវ និងមានផ្ទៃពោះផង ស្រាប់តែមានអការឈឺចុកចាប់ និងដេកដួលលើដី និងស្រែកថា ជួយផងទើបគាត់ប្រញាប់ប្រញាលស្រែកហៅអ្នកភូមិក្បែរនោះ នាំគ្នាជួយលើកយកមកដាក់ផ្ទះអ្នកភូមិរហូតឆ្លងទន្លេទទួលបានជោគជ័យទាំងម្ដាយ និងកូន ។

អ្នកស្រីបន្តថា ក្រោយសម្រាលរួច គាត់និងអ្នកភូមិ ក៏បានដឹកមកសម្រាកនៅមណ្ឌលសុខភាពមេសថ្ងក ខណៈស្ត្រីកំសត់នេះមិនមានប្រាក់កាសជាប់ខ្លួនមួយរៀលទេ និងសុំឲ្យសប្បបុរសជនមេត្តាជួយឧបត្ថមជាថវិការបន្តិចបន្តួច និងទិញជារបស់ប្រើប្រាស់ ក៏បានព្រោះគាត់គ្មានអ្វីជាប់ខ្លួនអ្វីនោះទេ ។

សូមបញ្ជាក់ថាឈ្មោះ ហ៊ាន សាវឿន អាយុ២៩ ដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងមានកូនចំនួន៤នាក់ ស្រី១នាក់ ប្រុស៣នាក់ ក្នុងបន្ទុក ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ៕ យឹម សុថាន


ចែករំលែក៖