ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានដឹកនាំក្រុមការងារមានអធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង និងប្រជាការពារភូមិ ចុះរៀបចំសណ្ដាប់ធ្នាប់ការតាំងទំនិញលក់ និងបាញ់ទឹកសម្អាតផ្លូវនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងក្នុងក្រុងស្វាយរៀងនាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។
លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង និងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុង ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ដឹកនាំ ចុះរៀបចំសណ្ដាប់ធ្នាប់ការតាំងទំនិញលក់ និងបាញ់ទឹកសម្អាតផ្លូវនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ឲ្យទៅលក់នៅខាងក្រោយមន្ទីរពេទ្យជាបណ្ដោះអាសន្នសិន និងនៅជុំវិញចំណតរថយន្ត និងផ្សារវាលយន្ត ដើម្បីថែរក្សាចំនីផ្លូវ បញ្ជៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ជាពិសេសលើកកម្ពស់សោភ័ណភាពក្នុងក្រុងស្វាយរៀង ។
លោកអភិបាលរងក្រុងស្វាយរៀង ក៏បានណែនាំដល់ឲ្យក្រុមអាជីវករលក់ដូរទាំងអស់ ដែលបានយកចិញ្ចើមផ្លូវមកប្រើប្រាស់ ត្រូវតែអនុវត្តតាមការណែនាំជានិច្ច របស់រដ្ឋបាលក្រុងស្វាយរៀងបើមិនដូច្នេះទេអាជ្ញាធរ និងចាត់វិធានការតាមផ្លូវច្បាប់ ។
លោកបានបន្ថែមថា ក្រុមការងាររបស់លោកក្នុង១ខែចុះរៀបចំសណ្ដាប់ធ្នាប់ជំវិញផ្សារ និងតាមផ្លូវជាតិសំខាន់ក្នុងក្រុង៤ទៅ៥ដងគោលបំណងឲ្យមានសោភ័ណភាពទីក្រុង និងមានអនាម័យគ្មានសំរាមហើយការចុះនៅពេលនេះបងប្អូនក្រុមអាជីវករលក់ដូរមានការយល់ដឹងច្រើនចំពោះក្រុមការងារ ហើយ ជឿជាក់ថា បងប្អូននឹងភ្ញាក់រលឹកហើយនឹងចូលរួមទាំងអស់គ្នាដើម្បីកែរលំអរមុខមាត់ក្រុងខេត្តហើយលោកតាំងនាមរដ្ឋបាលក្រុងសូមអំពាវនាវដល់បងប្អូនអាជីវករ ការដាក់តាំងទំនិញតាមការកំណត់របស់រដ្ឋបាលក្រុង ដើម្បីថែរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់ឲ្យបានល្អ ៕ យឹម សុថាន