ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ រកឃើញគីមីបូរ៉ាក់១៥គីឡូក្រាម ដាក់ក្នុងលតអង្ករ និងគុយទាវកាត់ នៅផ្សារក្រោលគោ ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញ រកឃើញគីមីបូរ៉ាក់ ១៥គីឡូក្រាម ដាក់ក្នុងលតអង្ករ និងគុយទាវកាត់ នៅផ្សារក្រោលគោ ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។

មន្ត្រីជំនាញកាំកុងត្រូលបានឲ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យ ពីមន្ត្រីជំនាញបានពិនិត្យគ្រឿង ឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២០គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ។

មន្ត្រីដដែលបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ នៅក្នុងលតអង្ក ចំនួន១០គីឡូក្រាម មានសារធាតុគីមី (Borax) និងគុយទាវកាត់ ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងប៊ឺរ ចំនួន ១០កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុក ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ ។

មន្ត្រីជំនាញបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ ៕ យឹម សុថាន


ចែករំលែក៖