ព័ត៌មានទាន់ហេតុការណ៍៖

ឡើងយកទឹកត្នោតសង្ស័យងងឹតមុខធ្លាក់ពីចុងត្នោតកម្ពស់ជាង១០ម៉ែត្រស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់សង្ស័យងងឹតមុខធ្លាក់ពីលើចុងត្នោត កម្ពស់ប្រមាណជាង១០ម៉ែត្រមកដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារប្រញាប់ប្រញាលជួយសង្គ្រោះ អកុសលហួសពេលទៅហើយ ដោយអការធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ស្លាប់គួរឲ្យសសង្វេគ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិព្រែខ្ជាយ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកវានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុំ ចយ អាយុ៥៨ឆ្នាំ មុខរបរឡើងត្នោត រស់នៅភូមិ ឃុំ ខាងលើ ។ ប្រភពបន្តថា ក្រុមគ្រួសារខាងលើនេះ មានជីវភាពក្រីក្រខ្វះខាតរកព្រឹកខ្វះល្ងាច ហើយមានតែមុខរបរឡើងត្នោតដើម្បីចិញ្ចឹមជីវិត ។

ប្រភពបន្តថា មុនកើតហេតុ បុរសរងគ្រោះនេះ បានដើរចេញពីផ្ទះមកដាក់ទឹកត្នោតដូចសព្វរាល់ដង ដែលនៅខាងជើងផ្ទះចម្ងាយ១២ ម៉ែត្រ លុះប្រមាណកន្លះម៉ោង ស្រាប់តែជនរងគ្រោះសង្ស័យងងឹតមុខមុខធ្លាក់ពីលើចុងត្នោតកម្ពស់ប្រមាណជាង១០ម៉ែត្រមកដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារតែម្ដង ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖