ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបុកម៉ូតូគុប បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់បាក់ជើង២កំណាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសបាក់ជើងស្តាំ២កំណាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវ រថយន្តសាំយ៉ុងរត់ឈ្នួល បើកបុកម៉ូតូពេញទំហឹងដែល កំពុងបើកច្រាសទិស កាលពីវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះក្នុងករណីខាងលើឈ្មោះ ណេ វណ្ណៈ ភេទប្រុស អាយុ៥៦ឆ្នាំ រងបួសបាក់ជើងស្តាំ២កំណាត់ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6027 ជារថយន្តរត់ឈ្នួល បើកតាមផ្លូវជាតិលេខ៣ ល្បឿនលឿន ពីជើងទៅត្បូង ដល់ចំណុចខាងលើ បែជាទៅបុកជាមួយម៉ូតូ ម៉ាកហុងដាគុប មូល ពណ៌ខៀវ អត់ស្លាកលេខ ដែលបើកច្រាសទិស បណ្តាលឲ្យផ្លោងមនុស្សផ្ទប់នឹងកញ្ចក់រថយន្ត បែកកញ្ចក់ ធ្លាក់មកវិញបាក់ជើងស្តាំជា២កំណាត់ ម៉ូតូរួញមួយកំណាត់មុខ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯរថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖