មកទល់ពេលនេះ ជំងឺចម្លែកបានសម្លាប់មនុស្ស ០៩នាក់ និងជាង ៤៤០ឆ្លងនៅក្នុងប្រទេសចិន ។ នៅពេលនេះវីរុសអាថ៌កំបាំងថ្មី ដែលកើតឡើងនៅក្នុងប្រទេសចិន បានរាលដាលដល់អាមេរិកហើយ ក្រោយ បុរសម្នាក់វិលត្រឡប់មកពីប្រទេសចិនទៅកាន់អាមេរិក បានក្លាយជាមនុស្សដំបូងគេនៅក្នុងទឹកដីអាមេរិកត្រូវបានធ្វើរោគវិនិច្ឆ័យរកវីរុសអាថ៌កំបាំងថ្មី ។
ទាំនោះបានធ្វើឲ្យពលរដ្ឋអាមេរិកបារម្ភ ចំណែករដ្ឋាភិបាលក៏បានបង្កើនការត្រួតពិនិត្យតាមអាកាសយានដ្ឋាន ។ ជនជាតិអាមេរិកម្នាក់ ក្នុងវ័យប្រហែល៣០ឆ្នាំ ស្ថានភាពសុខភាពល្អប្រសើរនោះទេ ខណៈទៅធ្វើរោគវិនិច្ឆ័យនៅមន្ទីរពេទ្យ ស៊ីថុល (Seattle)ក្រោយវិលត្រឡប់ពីធ្វើដំណើរកាលពីសប្តាហ៍មុន ។ នេះបើតាមអាជ្ញាធរសុខាភិបាលអាមេរិក បញ្ជាក់ប្រាប់ប្រភព Sky news ផ្សាយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។
ប្រភពបានបញ្ជាក់ថា បុរសរូបនោះមិនឃើញមានរោគសញ្ញាអ្វីទេ នៅពេលបានវិលត្រឡប់មកដល់ទឹកដីអាមេរិក នៅថ្ងៃពុធ (១៥ មករា) ។ ប៉ុន្តែគាត់បានទៅជួបលោកវេជ្ជបណ្ឌិតនៅថ្ងៃទី១៩ ខែមករា ពេលដែលរូបគាត់ធ្លាក់ក្នុងសភាពមិនប្រក្រតីផ្នែកសុខភាព ។ ករណីបុរសអាមេរិកម្នាក់នេះ មិនត្រូវបានចាត់ទុកជាការគំរាមកំហែងដល់សាធារណជន ឬបុគ្គលិកសុខាភិបាលអ្វីឡើយ ។
គួរបញ្ជាក់ថា មនុស្ស៦នាក់រួចមកហើយបានស្លាប់ដោយសារជំងឺអាថ៌កំបាំងប្រភពដើមពីទីក្រុងវូហាន (Wuhan) ខេត្តហូប៊ី (Hubei) ភាគកណ្តាលប្រទេសចិន ។ អ្នកជំងឺភាគច្រើនអាយុខ្ទង់៦០ឆ្នាំ ឬលើសពីនេះ ។ អ្នកជំងឺខ្លះធ្លាប់មានបញ្ហាសុខភាពពីមុនមក ។
លោកវេជ្ជបណ្ឌិត Nancy Messonnier អ្នកជំនាញជំងឺផ្លូវដង្ហើមនៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC)សហរដ្ឋអាមេរិក មានប្រសាសន៍ថា“ យើងប្រហែលថា នឹងមានករណីនេះបន្ថែមទៀត នៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោកផងដែរ” ។
មនុស្សប្រហែល៣០០នាក់បានឆ្លងជំងឺរហូតមកដល់ពេលនេះ ដែលក្នុងនោះផ្ទុះឡើងនៅប្រទេសថៃ, ប្រទេសជប៉ុន, កូរ៉េខាងត្បូង តៃវ៉ាន់ និងច្រើនជាងគេគឺនៅប្រទេសចិន ។
វីរូស កូរូណាវីរុស (coronavirus)ថ្មី ដែលបណ្តាលឲ្យអ្នកផ្ទុកជំងឺនេះក្អកផ្តាសាយ, លំបាកនៅក្នុងការដកដង្ហើម និងរលាកសួត ដែលប្រភពដើមផ្ទុះឡើងនៅផ្សារលក់គ្រឿងសមុទ្រនៅទីក្រុងវូហាន ។
វីរុស កូរូណាវីរុស ជាក្រុមគ្រួសារវីរុសទាំងឡាយ ដែលចាប់ផ្តើមពីការផ្តាសាយធម្មតា រហូតដល់ផ្តាសាយធ្ងន់ធ្ងរ ប្រៀបប្រដូចទៅនឹងជំងឺ SARS ដែលបានសម្លាប់មនុស្សជិត៨០០នាក់អំឡុងពេលឆ្លងកាលពីឆ្នាំ២០០២រហូតដល់ឆ្នាំ២០០៣នោះ ។
សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ក្រុមមន្ត្រីសុខាភិបាលចិន នៅថ្ងៃពុធនេះបានព្រមានថា វីរុសផ្លូវដង្ហើមថ្មីដែលមានសភាពដូចជាជំងឺ SARS និងកំពុងលុកលុយប្រទេសចិន អាចនឹងផ្លាស់ប្ដូរទម្រង់ ហើយរីករាលដាលកាន់តែខ្លាំងនៅពេលអនាគត ខណៈចំនួនអ្នកស្លាប់កើនដល់ ០៩នាក់ និងជាង ៤៤០ឆ្លង ។ បន្ថែមពីនេះទីក្រុងម៉ាកាវ ក៏បានទទួលស្គាល់ពីការកឃើញ អ្នកឆ្លងវីរុសនេះជាលើកដំបូងផងដែរ ដែលជាស្ត្រីម្នាក់អាយុ ៥២ឆ្នាំ ទើបធ្វើដំណើរមកពីទីក្រុងវូហាន (Wuhan) ។
នៅក្នុងសន្និសីទព័ត៌មានធំមួយនៅថ្ងៃពុធនេះ លោក លី ពីន (Li Bin) ជាអនុប្រធានគណៈកម្មការជាតិសុខាភិបាលចិន បានគូសបញ្ជាក់ដូច្នេះថា «បើទោះបីជាការចម្លងនៃវីរុសផ្លូវដង្ហើមថ្មីនេះ មិនទាន់ត្រូវបានកំណត់ឲ្យច្បាស់ក៏ដោយ តែវាមានលទ្ធភាពដែលគួរឲ្យព្រួយបារម្ភថា វីរុសនេះអាចនឹងវិវត្តន៍ផ្លាស់ប្ដូរទម្រង់ និងការរីករាលដាលកាន់តែខ្លាំងនៅពេលអនាគត» ។
លោក លី បានបន្ថែមទៀតថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) បានកើនដល់ ៤៤០នាក់ហើយ រីឯអ្នកស្លាប់វិញបានឡើងដល់ ០៩នាក់ ស្របពេលករណីឆ្លងវីរុសខូរ៉ូណាសរុបទាំង ៤៤០នោះ គឺស្ថិតក្នុងខេត្តចំនួន ១៣ទូទាំងប្រទេសចិន ។ អ្នកបាត់បង់ជីវិតទាំងអស់ គឺសុទ្ធតែនៅក្នុងខេត្ត ហ៊ូបៃ (Hubei) ភាគកណ្តាល ជាទីដែលវីរុសខាងលើបានរាលដាលដំបូងចេញពីទីក្រុង វូហាន (Wuhan) ខណៈរដ្ឋធានីប៉េកាំងក៏មានករណីអ្នកឆ្លងវីរុសនេះដែរ ។
ជាមួយគ្នានេះអាជ្ញាធរចិនបានប្រកាសពីវិធានការបន្ថែម ដើម្បីព្យាយាមគ្រប់គ្រងការបន្តរីករាលដាលនៃវីរុសផ្លូវដង្ហើមនេះ ស្របពេលដែលប្រជាជនចិន រាប់រយលាននាក់ ត្រូវធ្វើដំណើរទៅ-មកក្នុងប្រទេស កំឡុងបុណ្យចូលឆ្នាំចិននាសប្តាហ៍នេះ ។ ដោយឡែក ក្រៅពីប្រទេសចិនផ្ទាល់ ថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏បានរកឃើញករណីអ្នកផ្ទុកវីរុសនេះដែរ ដោយករណីទាំងនោះ គឺពាក់ព័ន្ធជាមួយអ្នកដែលធ្វើដំណើរមកពីក្រុង Wuhan របស់ចិន ។ បន្ថែមពីនេះអង្គការ សុខភាពពិភពលោក (WHO) ក៏បានប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់ នៅក្នុងសប្តាហ៍នេះផងដែរ ដើម្បីពិភាក្សាអំពីវិធានការទប់ស្កាត់ ការឆ្លងវីរុសផ្លូវដង្ហើមនៅចិន ។
គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅ អាជ្ញាធរសុខាភិបាលចិនបានទទួលស្គាល់ថា វីរុសផ្លូវដង្ហើមថ្មីគឺឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការក្អក ឬកន្តាស់ ។ ប៉ុន្តែពួកគេមិនទាន់អាចបញ្ជាក់ពី ប្រភពជាក់លាក់នៃកំណើតវីរុសនេះនៅឡើយទេ៕