ខេត្តសៀមរាប៖ អាជ្ញាធរស្រុកវ៉ារិនបានឲ្យដឹងថា ឡដុតធ្យូង០៦កន្លែងក្នុង ចំណោមជិត ១០០កន្លែងក្នុង ឃុំប្រាសាទ នៃស្រុក វ៉ារិន ខេត្ត សៀមរាប ត្រូវអាជ្ញាធរចុះបិទ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រោយអ្នកភូមិប្តឹង ។
អាជ្ញាធរឃុំប្រាសាទ លោក ឈឿ ម ឆៃលី បានឲ្យដឹងថាពិតជាមានការចុះទៅពិនិត្យ និងបិទដំណើរការដុតធ្យូងចំនួន៦ឡប្រាកដមែន ។ ការបិទអាជីវកម្មឡដុតធ្យូងនេះគឺបន្ទាប់ពីមានអ្នកភូមិមកប្តឹងរឿងផ្សែង ហុយពិបាកទ្រាំក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ ក្រៅពីផលប៉ះពាលបរិស្ថានយ៉ាងធ្ងន់ធ្ងរក៏មានស្ត្រីមានផ្ទៃពោះ រស់រងការស្រូបផ្សែងពី ឡដុតធ្យូងទាំងនោះផងដែរ ។ លោកបន្តថាតាមគោលការណ៍អាជ្ញាធរ គ្រោងនឹងបិទមិនឲ្យមានឡដុតធ្យូងទាំងស្រុងនៅក្នុងស្រុកវ៉ារិន ប៉ុន្តែ ដោយឡធ្យូងទាំង៦ខាងលើនេះ ស្ថិតនៅក្បែរផ្ទះពលរដ្ឋទើបសម្រេច បិទមុនគេ ។
លោកបន្ថែមថា ឡដុតធ្យូងក្នុងឃុំប្រាសាទ នៃស្រុកវ៉ារិនមានមិនតិចជាង៧០ ទៅ៨០កន្លែងនោះទេ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ដុំផ្សែងបាន ហោះគ្របដណ្ដប់ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ ក្រៅពីនោះអត្រា កាប់បំផ្លាញព្រៃក៏កាន់តែរីករាលដាលផងដែរ ។ ចឹងទេ ក្រោយស្រង់ ទូរលេខជាក់លាក់នឹងអាចឈានដល់ការបិទទាំងស្រុងចំពោះឡដុត ធ្យូងក្នុងឃុំមួយនេះ ។
ដោយឡែក លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សៀមរាបក៏បានលើកឡើងស្រដៀងគ្នាដែរថាចំពោះឡដុតធ្យូង គោលការណ៍របស់ក្រសួងមានរួចហើយយើងត្រៀមអនុវត្តន៍ ។ លោកបន្តថា ជាការពិត ក្រៅពីបង្កការប៉ះពាល់សុខភាព និងបរិស្ថាន ឡដុតធ្យូង គឺជា ដើមចម នៃការកាប់បំផ្លាញព្រៃឈើ ។ ថ្វីដ្បិតតែលោកនាយខណ្ឌរដ្ឋបាលព្រៃឈើមិនបានបញ្ជាក់ថា ស្រុក៦ ទៅ៧ស្ថិតនៅប៉ែកខាងលើនៃ ខេត្ត សៀមរាប មានឡដុតធ្យូងសរុបប៉ុន្មានតែលោកទទួលស្គាល់ថាមាន ច្រើន និងជាដើមចមនៃការកាប់បំផ្លាញព្រៃឈើប្រាកដមែន ។
លោកបន្តថាចំពោះអ្នកចូលកាប់ព្រៃយកឈើមកធ្វើអុសធ្យូងភាគច្រើន ជាអ្នករានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ។ ដំបូងកាប់ឈើយកមកធ្វើអុសធ្យូង លុះព្រៃទាំងនោះអស់ដើមឈើធំក៏ផ្តើមត្រួសព្រៃតូចៗ ហើយកាប់គាស់ ធ្វើចម្ការ និងឈានដល់កាន់កាប់ដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិតែម្ដង ។ ករណី ខាងលើនេះ ខាងលោក កំពុងសហការជាមួយអាជ្ញាធរស្រុក ដើម្បីបិទ អាជីវកម្មឡដុតធ្យូងទាំងអស់តែម្តង ។
ជាមួយនឹងការអះអាងរបស់អាជ្ញាធរក៏ដូចជារដ្ឋបាលព្រៃឈើខាងលើនេះក៏មានការលើកឡើងថាធាតុពិត ប្រភពនៃការបំផ្លាញព្រៃឈើគឺ អាជីវកម្មឡដុតធ្យូងនេះហើយ ។ ពួកគេអាចកាប់ឈើពី២០ទៅ៣០ ដើមទើបបានអុសពេញមួយឡាន និងពេញឡ ។ ចឹងក្នុងមួយថ្ងៃបើដុត ត្រឹម១០ ទៅ២០ឡពួកគេអាចកាប់ដើមឈើ ២០០ ទៅ ៣០០ដើម ។ ផ្ទុយទៅវិញក្រុមឈ្មួញដឹកឈើអារក្នុងឈើមួយដើម ពួកគេអាចកាប់ អារដឹកបានមួយឡាន ឬពីរឡានព្រោះដើមធំទើបកាប់ ។ ប្រភពបញ្ជាក់ ថាចំណុចខាងលើនេះសម្រាប់អ្នកមិនបានគិតយល់ថាកាប់អុស ឬដឹកអុសមិនមានច្បាប់ហាមឃាត់ឡើយគឺផ្ទុយពីឈ្មួញដឹកឈើ ។
យោងតាមការអះអាងរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញខាងលើគេ រំពឹងថាខេត្តសៀមរាបនឹងនាំមុខគេក្នុងការទប់ស្កាត់ការកាប់ព្រៃរានយក ដី និងការបំផ្លាញព្រៃឈើតាមរយៈ ឡដុតធ្យូង ក្នុងពេលខាងមុខ ។
យ៉ាងនេះក្តីពាក់ព័ន្ធនឹងករណីឡដុតធ្យូងនេះដែរក្រសួងបរិស្ថានក៏បាន ចេញសេចក្ដីថ្លែងការណ៍រួចរាល់ហើយដែរ ដោយឲ្យអាជ្ញាធរខេត្ត ក្រុង ពិនិត្យ ស្រាវជ្រាវ និងទប់ស្កាត់ពីការប៉ះពាល់បរិស្ថាន ៕ ប៊ុនរិទ្ធី